(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាចុងសប្តាហ៍នេះ​​បានចេញមុខរិះគន់ធ្ងន់ៗ ចំពោះការិយាល័យស៊ើបអង្កេត​សហព័ន្ធ FBI ជុំវិញការធ្វេស​ប្រហែស​ការងារ នាំឲ្យកើតមាន​ករណីបាញ់ប្រហារ​សាលារៀន​ក្នុងរដ្ឋ​ផ្លូរីដា ដែលបានសម្លាប់​ជីវិតប្រជាជន​ស្លូតត្រង់ ១៧នាក់។ នេះបើតាម​ការចេញផ្សាយ​ព័ត៌មាន​នៅមុននេះ​បន្តិចដោយ BBC នាព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

បន្ថែមពីការរិះគន់​ខាងលើនេះ លោក ដូណាល់ ត្រាំ ក៏បាននិយាយ​បន្ថែមទៀតថា «ស្ថាប័នកំពូលមួយនេះ ដូចជាចំណាយ​ពេលច្រើន​ពេកហើយ នៅក្នុងស៊ើប​អង្កេត​ទំនាក់​ទំនងរវាង​លោក និងរុស្ស៊ី» បន្ទាប់ពីក្រុម​រដ្ឋអាជ្ញាពិសេស សម្រេចចោទ​ប្រកាន់ជនជាតិ​​រុស្ស៊ី ១៣នាក់ និងក្រុមហ៊ុន​រុស្ស៊ីចំនួន ០៣ មានមូលដ្ឋាន​នៅប្រទេស​រុស្ស៊ី ថាមានជាប់​ពាក់ព័ន្ធ​ការលូកលាន់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពីចុងឆ្នាំ២០១៦។

គួរបញ្ជាក់ថា ករណីបាញ់​ប្រហារ​នៅផ្លូរីដា កាលពី​ថ្ងៃទី១៤ ខែកុម្ភៈនោះ គឺជាប្រើប្រាស់​អាវុធសម្លាប់រង្គាល​ជីវិតមនុស្សច្រើនបំផុត ប្រចាំដើម​ឆ្នាំ២០១៨ ហើយ​ក៏ជាភាព​អវិជ្ជមានកើនឡើងកាន់​តែខ្លាំង សម្រាប់​រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលហាក់មិនអើពើ​នឹងការរឹតបន្តឹង​ការ​ប្រើប្រាស់​អាវុធ យ៉ាងអាណាធិបតេយ្យ​ នៅសហរដ្ឋអាមេរិក​ទាល់តែ​សោះ៕