(កង់បេរ៉ា)៖ អាជ្ញាធរតាមដាន​អាកាសធាតុ​របស់អូស្ត្រាលី បានចេញសេចក្តី​ព្រមានមួយ​នៅថ្ងៃអាទិត្យ​នេះថា ព្យុះទីហ្វុង Kelvin បាន និងកំពុងតែបង្ក​ការខូចខាតយ៉ាងដំណំ នៅក្នុងតំបន់ភាគ​ខាងលិចអូស្ត្រាលី ដែលចាប់ផ្តើមតាំងតែ​ពីព្រឹកថ្ងៃអាទិត្យនេះ ក្រោមសញ្ញាប្រកាស​អាសន្នកម្រិតពណ៌ក្រហម។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

អាជ្ញាធរអូស្ត្រាលី​បានបន្ត​ទៀតថា ព្យុះត្រូពិកស៊ីក្លូន​ខាងលើនេះ បានបង្កការ​បាក់ដី នៅភាគខាងលិច​អូស្ត្រាលី ជាមួយនឹង​ល្បឿនខ្យល់ ២៥០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង លាយឡំនឹង​ភ្លៀងធ្លាក់យ៉ាង​គំហុក។ នាយកដ្ឋាន​ពន្លត់អគ្គីភ័យ និងដោះស្រាយ​គ្រា​អាសន្ន​នៅភាគ​ខាងលិច ត្រូវបានបញ្ជា​ឲ្យប្រុងជើងការ និងចេញជួយ​សង្គ្រោះប្រជាជនភ្លាមៗ​នៅពេលទទួល​ព័ត៌មានពីការរងគ្រោះ​ណាមួយ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍​ណាមួយ អំពីមនុស្សរងគ្រោះ​​នោះឡើយ ប៉ុន្តែសម្រាប់ល្បឿន​ខ្យល់លឿន​បែបនេះ នឹងអាចបង្កឲ្យ​មនុស្សរងគ្រោះ ព្រមទាំងការខូចខាត​ជាមិនខាន៕