(វ៉ាស៊ីនតោន)៖ អតីតនាយក​ទីភ្នាក់ងារស៊ើបការ​ណ៍​សំងាត់​អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) បាននិយាយថា ការលូកដៃរបស់​សហរដ្ឋអាមេរិកនៅ​ក្នុងកិច្ចការបោះឆ្នោត​ នៃបណ្ដា​ប្រទេសដទៃ ធ្វើឡើងក្នុង​ហេតុផលល្អ​តែមួយគត់នោះ គឺដើម្បី​ផលប្រយោជន៍ នៃលិទ្ធិ​ប្រជាធិបតេយ្យ។ នេះបើតា​មការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក James Woolsey ធ្វើការកត់សម្គាល់​បែបនេះ ​នៅក្នុងកិច្ចសម្ភាសន៍​មួយតាមកញ្ចាក់​ទូរទស្សន៍ Fox News កាលពីចុង​សប្ដាហ៍​កន្លងទៅ និងនៅចំពេល​ដែលទីក្រុងវ៉ាស៊ីនតោន​ខ្លួនឯង​កំពុងចោទរុស្ស៊ីថា បានជ្រៀតជ្រែក​ក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក ​កាលពី​ឆ្នាំ២០១៦។ ជាមួយគ្នា​នោះ នៅពេលគេសួរពីការជ្រៀតជ្រែត​របស់សហរដ្ឋអាមេរិក​ ក្នុងកិច្ច​ការបោះឆ្នោត​ប្រទេសដទៃអតីត​នាយក CIA រូបនេះ​បានគូសបញ្ជាក់​ដូច្នេះថា «វាអាច​ទៅរួច ប៉ុន្តែវាធ្វើឡើង​ក្នុងចេតនា​ល្អ ដើម្បីបញ្ជៀសឥទ្ធិពល​លិទ្ធិកុម្មុយនីស្ដ​តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា លោក James Woolsey គឺជាអតីត​នាយក CIA ក្រោមរដ្ឋបាលអតីត​ប្រធានាធិបតី​អាមេរិក លោក Bill Clinton ហើយការលើកឡើង​របស់លោកកើត​មានឡើង បន្ទាប់ពីជនជាតិ​រុស្ស៊ី ១៣នាក់ ត្រូវបានចោទ​ប្រកាន់ពីបទ​ជ្រៀត ជ្រែក​ក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាលពីឆ្នាំ២០១៦៕