(អ៊ីរ៉ង់)៖ កត្តាចម្បងដែល​បាននាំឲ្យយន្តហោះ​​ធុនមធ្យមរបស់អ៊ីរ៉ង់ ធ្លាក់នៅតំបន់​ភ្នំភាគខាងត្បូង​ប្រទេសនេះ អាចបណ្តាលមក​ពី​កត្តាអាកាសធាតុអាក្រក់​​ជាចម្បង ដែលមាន​ដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោក​ខ្លាំងជាដើម។ នេះបើតាម​ការចេញផ្សាយ នៅមុននេះ​បន្តិច ដោយ​សារព័ត៌មាន ABC NEWS នាព្រឹក​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

យន្តហោះ​ខាងលើនេះ គឺជាប្រភេទ ATR-72 មានជើងហោះ​ហើរលេខ EP3704 ផលិតនៅ​​ឆ្នាំ១៩៩៣ ដែលត្រូវបានចាត់​ទុកជាយន្តហោះ​វ័យចំណាស់មួយ ទុកសម្រាប់ធ្វើ​ដំណើរ​តែ​ក្នុងស្រុក ដែលមានរយៈចម្ងាយ​ខ្លីប៉ុណ្ណោះ ហើយវាបាន​ធ្លាក់នៅព្រឹក​ថ្ងៃអាទិត្យ (ម៉ោងនៅ​ទីក្រុង​តេហេរ៉ង់) ដោយបានសម្លាប់​មនុស្សទាំង​អស់ ៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និង​សហសេវិក ០៦នាក់) ដែលពីដំបូង​ឡើយមានសេចក្តីរាយការណ៍​ថា មនុស្សជិះនៅលើនោះ​ទាំងអស់​មានរហូតដល់ ៦៦នាក់។

គួរបញ្ជាក់ថា យន្តហោះ ATR-72 មានគោលដៅ​ពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់​ទីក្រុង Yasuj ភាគខាងត្បូង​ប្រទេស ដែលមានចម្ងាយ​ហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវា​បានធ្លាក់នៅតំបន់​ភ្នំ Zagros ដែលមានអាកាសធាតុ​អាក្រក់ខ្លាំង ហើយសូម្បីតែក្រុមសង្គ្រោះដែល​ប្រើប្រាស់​ឧទ្ធម្ភាគចក្រនោះ ក៏មិនទាន់អាច​ទៅដល់កន្លែងកើតហេតុ​ដែរ ព្រោះតែការធ្វើដំណើរ​ទៅកាន់​ទីនោះ អាចនឹងជាការផ្សងព្រេង​ដ៏គ្រោះថ្នាក់។

ដោយឡែកមេដឹកនាំ​ជាន់ខ្ពស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ ខាមេណៃ និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស្សាន រួហានី ក៏បានសម្តែង​នូវមរណៈទុក្ខ​យ៉ាង​ក្រៀមក្រំបំផុត ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់​ផងដែរ ហើយថ្នាក់ដឹកនាំ​កំពូលៗបានបញ្ជាឲ្យ​ក្រុមសង្គ្រោះ​ទៅឲ្យដល់​កន្លែងកើតហេតុ​ ដើម្បីប្រមូលយក​សាកសព​ជនរងគ្រោះត្រឡប់មកវិញ និងធ្វើការស៊ើបអង្កេត​រកមូលហេតុ​ពិតប្រាកដ​​ នៃការធ្លាក់​នោះឲ្យ​បាន៕