(គូឡាឡាំពួរ)៖​ មនុស្សជាង ៨០នាក់ បានជាប់​នៅក្នុងយានកន្រ្តក​ខ្សែកាប ខណៈរាប់រយនាក់​ផ្សេងទៀត បានជាប់គាំងទៅ​ណាពុំរួច អស់រយៈពេល​ជាច្រើនម៉ោង ដោយសារតែ​បញ្ហាគាំង​ដំណើរការ នៅកោះ​ទេសចរណ៍ ឡាំងកាវី (Langkawi) ភាគខាងជើង​ ប្រទេស​ម៉ាឡេស៊ី កាលពីយប់​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្រុមការងារ​បច្ចេកទេស បានចំណាយពេល​ប្រមាណ ០៥ម៉ោង ទើបអាចដោះស្រាយ​ការគាំងដំណើរការ​ខាងលើបាន ដើម្បីនាំយក​ភ្ញៀវទេសចរសរុបចំនួន ៩៦០នាក់ ព្រមទាំងបុគ្គលិក​ ៧៨នាក់ មកស្ថានីយធំវិញ​ នៅមុនពាក់​កណ្តាល​យប់មិញ។

គួរជម្រាបថា បញ្ហាខាងលើនេះ​​បានកើតមានឡើង នៅលើបណ្តាញ​យានកន្រ្តកខ្សែកាប សម្រាប់ជិះ​កម្សាន្ត ដែលមានប្រវែង​​ ២.២​គីឡូម៉ែត្រ ដោយស្ថានីយ​ខាងលើរបស់វា ស្ថិតនៅកម្ពស់ ៧០៨ម៉ែត្រ ពីលើកម្រិត​នីវ៉ូទឹក​សមុទ្រ៕