(ស៊ីរី)៖ ក្រុមអ្នកប្រយុទ្ធឃើដ​នៅភាគពាយ័ព្យប្រទេសស៊ីរី​បានអះអាងថា ពួកគេបានឈាន​ដល់កិច្ចព្រមព្រៀង​ជាមួយរដ្ឋាភិបាល​ស៊ីរី ហើយដែល​តាមកិច្ចព្រមព្រៀង​នេះ ទីក្រុងដាម៉ាស់ យល់ព្រមបញ្ជូន​កងទ័ព​ឱ្យមកជួយពួកគេ ដើម្បី​បណ្ដេញ​កង​កម្លាំងតួកគី​ចេញពីទឹកដីស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ជុំវិញការអះអាង​នេះដែរ មន្ត្រីជាន់ខ្ពស់ឃើដ​ស៊ីរីម្នាក់ ក៏បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ ថា កងទ័ព​រដ្ឋាភិបាល​ស៊ីរីអាចនឹងចូល​ទៅក្នុង​ទីក្រុង Afrin នៅប៉ុន្មាន​ថ្ងៃខាងមុខនេះ ហើយថា​ពួកគេអាចនឹង​ដាក់ពង្រាយ​កងទ័ព នៅ​តាមប៉ុស្ដិ៍​ច្រកព្រំដែនមួយចំនួន​ផងដែរ។ ក៏ប៉ុន្តែមកទល់​នឹងពេលនេះ ខាងរដ្ឋាភិបាល​ស៊ីរីមិនទាន់ទទួល​ស្គាល់ការអះអាង​នេះ​នៅឡើយ ទេ រីឯកងទ័ពស៊ីរី​ក៏មិនទាន់មានវត្តមាន​ នៅក្នុងតំបន់​ជម្លោះនោះដែរ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​ជំនាញ បើសិនជាកិច្ចព្រមព្រៀង​ខាងលើ​ពិតជាត្រូវបានធ្វើ​ឡើងមែន នោះកងទ័ព​តួកគី នឹងមិនមែន​ប្រឈមមុខតែជា​មួយក្រុមអ្នកប្រយុទ្ធ​ឃើដ YPG ទៀតនោះទេ តែក៏ត្រូវប្រឈមមុខ​ផងដែរនឹងកងទ័ព​ស៊ីរី ដែលមានរុស្ស៊ី និងអ៊ីរ៉ង់ជាខ្នង​បង្អែក៕