(ញូដេលី)៖ ឥណ្ឌា​នៅថ្ងៃអង្គារនេះ បានធ្វើតេស្ដបាញ់​សាកល្បង មីស៊ីល​រយៈចំងាយមធ្យម​របស់ខ្លួន អាកនី (Agni-II) ដែលមាន​សមត្ថភាពបំពាក់​អាវុធនុយក្លេអ៊ែរ ចេញពីកន្លែង​ធ្វើតេស្ដមួយស្ថិត​នៅ​ឆ្នេរសមុទ្រ​នៃរដ្ឋ អូឌីហ្សា (Odisha) ភាគខាងកើតប្រទេស។ នេះបើ​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាមប្រភពពី​យោធាឥណ្ឌា ការបាញ់សាកល្បង​មីស៊ីលផលិត​នៅក្នុងស្រុក​ខាងលើ ត្រូវបាន​ធ្វើឡើង នៅព្រឹក​ថ្ងៃអង្គារនេះ នៅឯកន្លែង​ធ្វើតេស្ដ Integrated Test Range ស្ថិតនៅ​ក្នុងស្រុក បាឡាស័រ (Balasore) នៃរដ្ឋ Odisha ក្រោមក្របខណ្ឌ​ នៃការធ្វើសមយុទ្ធយោធា​របស់កងទ័ព​ឥណ្ឌា។

គួរបញ្ជាក់ថា មីស៊ីល Agni II ដែលមាន​សមត្ថភាពបាញ់​ដល់ចំងាយ ២,០០០គីឡូម៉ែត្រ និងអាចដឹកក្បាល​គ្រាប់មាន​ទម្ងន់ ១,០០០គីឡូក្រាម។ មីស៊ីលនេះគឺ​ជាប្រភេទមីស៊ីលឆ្លងទ្វីប​ រយៈចំងាយមធ្យម ហើយត្រូវបាន​អភិវឌ្ឍឡើងដោយ​យោធា​ឥណ្ឌា រីឯមីស៊ីលស៊េរី​ដូចគ្នានេះ Agni I ក៏ធ្លាប់ត្រូវបាន​ធ្វើតេស្ដដោយជោគជ័យផ​ងដែរ ​កាលពី​ឆ្នាំ១៩៨៩៕