(តូក្យូ)៖ ប្រភពពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ខ្លួនកំពុងពិចារណាក្នុងការរៀបចំជំនួបកំពូល រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

ជាមួយគ្នានោះ នៅថ្ងៃអង្គារនេះ លោក អាបេ ក៏បានគូសបញ្ជាក់ផងដែរពីភាពចាំបាច់នៃការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការ លុបចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំជំនួបកំពូលមិនធ្លាប់មាន ពីមុនមកជាមួយទីក្រុងព្យុងយ៉ាង នៅខែឧសភា ខាងមុខនេះ។ ការលើកឡើងបែបនេះ របស់លោក អាបេ ធ្វើឡើងនៅក្នុងជំនួប ជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង លោក Suh Hoon ក្នុងទីក្រុងតូក្យូ។

គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជួបលោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្រោងនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ នៅខែមេសា។ ចំណែកឯជំនួបរវាងលោក ស៊ីនហ្សូ អាបេ និងលោក គីម ជុងអ៊ុន មិនទាន់ត្រូវបានគេកំណត់កាលបរិច្ឆេកនៅឡើយទេ៕