(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Jeff Sessions បានសម្រេចចិត្តបណ្ដេញ នាយករង FBI លោក Andrew McCabe​ ចេញពីតំណែង។ លោក McCabe ធ្លាប់ត្រូវបានលោក ដូណាល់​ ត្រាំ ចោទប្រកាន់ថាមានភាពលំអៀង ផ្នែកនយោបាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។

កាលពីខែមករា លោក McCabe បានស្នើសុំលាលែងពីតំណែងជានាយករង FBI ហើយត្រូវបានអនុញ្ញាតឱ្យសម្រាក។ ប៉ុន្តែ ការសុំលាលែងនេះ កើតមានឡើងចំពេលរូបលោក បានជាប់ផុតកាន់តែជ្រៅនៅក្នុងការស៊ើបអង្កេតរបស់ FBI ពាក់ព័ន្ធនឹងរឿង អាស្រូវលេចធ្លាយ E-mail​ របស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងការលូកដៃពីរុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ លើស ពីនេះទៅទៀត លោក McCabe ត្រូវបានបណ្ដេញចេញពីតំណែង តែពីរថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវបានគេរំពឹងថានឹង ប្រកាសចូលនិវត្តន៍។

ដោយឡែក ជុំវិញការបណ្ដេញពីតំណែងនេះដែរ លោក Jeff Sessions បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដូច្នេះថា៖«ផ្អែកលើរបាយការណ៍ នៃការិយាល័យទទួលបន្ទុកវិជ្ជាជីវៈរបស់ FBI និងអនុសាសន៍ពីមន្ត្រីជាន់ខ្ពស់​ជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តបណ្ដេញលោក Andrew McCabe ពីតំណែងនាយករង FBI»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Andrew McCabe អាចនឹងក្លាយជាសាក្សីដ៏សំខាន់ម្នាក់នៅក្នុងការស៊ើប អង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ស្ពីពីការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕