(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា​អាមេរិកមួយ​ចំនួន ដឹកនាំដោយ​​លោក បប មេណេនដេស្ស (Bob Menendez) បានផ្ញើលិខិត​ស្នើទៅកាន់​ ក្រសួងការបរទេស​អាមេរិកថា «ការ​លក់ដូរប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស S-400 តទៅទៀតរបស់​ប្រទេសរុស្ស៊ី គួរតែត្រូវទទួលរងការដាក់​ទណ្ឌកម្មធ្ងន់ៗ​បន្ថែម​ទៀត ដូចទៅនឹងអ្វី​ដែលបាន​ចែង​នៅក្នុង ច្បាប់ទប់ទល់​​នឹងគូសត្រូវរបស់​​អាមេរិក តាមរយៈ​ការ​ដាក់ទណ្ឌកម្ម​ ហៅ​​កាត់ថា CAATSA»។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។

លិខិតខាងលើ​របស់ព្រឹទ្ធសមាជិក​អាមេរិក គឺឈរលើ​របាយការណ៍​មួយ ដែលរៀបចំឡើងដោយ​​ទីភ្នាក់ងារស្រាវជ្រាវ នៃសភាអាមេរិក ដែល​បានបង្ហាញឲ្យដឹងថា ប្រទេសរុស្ស៊ី បាននិងកំពុងរៀបចំ​ការលក់សព្វាវុធទំនើបៗ​របស់ខ្លួន ជាមួយបណ្តាប្រទេសដទៃ​ទៀត។ ក្រុមមន្រ្តី​​ក្នុង​ព្រឹទ្ធសភាអាមេរិក ក៏បានស្នើឲ្យក្រសួង​ការបរទេស​អាមេរិក ផ្តល់ការវិភាគ​ដោយលម្អិត​ទៅលើស្ថានការណ៍បច្ចុប្បន្ន ស្តីពី​ដំណើរការ​ចរចា​​​នៃការលក់​ប្រព័ន្ធ S-400 របស់រុស្ស៊ី ជាមួយចិន តួកគី ឥណ្ឌា អារ៉ាប៊ីសាអូឌីត កាតា និងប្រទេស​ឯទៀតៗ​ផងដែរ។

គួរជម្រាបថា សំណើនេះ​ត្រូវបានធ្វើឡើងត្រឹមតែ​មួយថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីក្រសួង​​រតនាគារជាតិ​អាមេរិក​បានប្រើ​ច្បាប់ CAATS ព្រម​ទាំង​បទ​​បញ្ជា​ប្រតិបត្តិ ដែលត្រូវបាន​កែសម្រួល​ដោយ CAATSA ដើម្បីដាក់ទណ្ឌកម្មទៅលើអង្គភាព​ និងបុគ្គល​ជាជនជាតិ​​រុស្ស៊ីជាច្រើន​​​នាក់​។ ច្បាប់ CAATSA ត្រូវបានអនុម័ត​ដោយ​សភាអាមេរិក ​និង​ចុះហត្ថលេខា​ដោយ​​ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ក្រោមការ​ឆ្លើយ​តប​​ចំពោះ​រឿង​អាស្រូវ ដែលថា​ រដ្ឋាភិបាលរុស្ស៊ី​បានព្យាយាម​ចូលលូកលាន់​ដំណើរការ​បោះ​ឆ្នោត​​ជ្រើស​រើស ​ប្រ​ធា​នា​ធិប​តី​​អា​មេ​រិក​កាល​ពី​​ឆ្នាំ២០១៦៕