​(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃសៅរ៍នេះ​បានថ្លែង​សារ​អបអរសាទរ ជូន​ចំពោះលោក ស៊ី ជិនពីង ដែលត្រូវបាន​សភាប្រជាជន​ចិន បោះឆ្នោតផ្ដល់​ទំនុកចិត្ត ឱ្យបន្តកាន់ដំណែង​ជាប្រធានាធិបតី​ នាអាណត្តិទី ២ ខណៈនៅថ្ងៃអាទិត្យស្អែកនេះ ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នាអាណត្តិថ្មី ក៏នឹងត្រូវធ្វើ​ឡើង​ផងដែរ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។

លោក ពូទីន បាននិយាយថា ការសម្រេចចិត្តរបស់​សភាប្រជាជន​ចិន បានបង្ហាញ​យ៉ាងច្បាស់ពី​កិត្យានុភាព និងទទួល​ស្គាល់ការ​ចូលរួមចំណែក​យ៉ាងធំធេង​របស់ លោក ស៊ី ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងការការពារ​ផលប្រយោជន៍​របស់ប្រជាជន​ចិន នៅលើឆាក​អន្តរជាតិ។ លោក ពូទីន បន្ថែមថា បច្ចុប្បន្ន​ទំនាក់ទំនង​រវាងចិន និងរុស្ស៊ី មានភាពរឹងមំា​ក្នុងកំរិត​មួយដ៏ខ្ពស់ មិនធា្លប់មាន​ពីមុនមក នា​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ ហើយគួរតែ​ត្រូវអរគុណ​ ដល់កិច្ចខិតខំប្រឹងប្រែង​របស់លោក ស៊ី។

គួរបញ្ជាក់ថា លោក ពូទីន ក៏បានកត់​សម្គាល់ដែរថា លោកនឹងរីករាយ​ចំពោះជំនួបជាថ្មី​ជាមួយលោក ស៊ី ជិនពីង ដែលត្រូវបានគេ រំពឹងថា នឹងផ្ញើសារអបអរ​សាទរ លោក វ្ល៉ាឌីមៀ ពូទីន វិញ ខណៈប្រធានាធិបតីរុស្ស៊ីរូបនេះ ត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី នៅថ្ងៃអាទិត្យ​ស្អែកនេះ៕