(ម៉ូស្គូ)៖ ពិតជាដូចការ​គ្រោងទុកមែន រដ្ឋាភិបាល​ទីក្រុងម៉ូស្គូបាន​ប្រកាសថា ខ្លួនសម្រេចចិត្ត​បណ្តេញមន្ត្រីទូត​អង់គ្លេសប្រចាំ​ប្រទេសរុស្ស៊ី សរុបចំនួន ២៣នាក់ ត្រឡប់ទៅស្រុក​ដើមវិញ ជាការសងសឹកទៅនឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ធេរ៉េសា ម៉ាយ (Theresa May) ដែលបាន​សម្រេចចិត្ត​បណ្ដេញ​មន្ត្រី​ទូតរុស្ស៊ី ២៣នាក់ ចេញពី​ទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ​សប្តាហ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ចិន CGTN នារសៀល​ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។

ការសម្រេចចិត្តដ៏ក្តៅគគុកបែបនេះ គឺត្រូវបានធ្វើឡើងនាឱកាសដែលអគ្គរដ្ឋទូតអង់គ្លេស ប្រចាំទីក្រុងម៉ូស្គូ ត្រូវបានក្រសួងការបរទេសរុស្ស៊ី អញ្ជើញឲ្យមកស្តាប់សេចក្តីថ្លែងការណ៍ របស់ខ្លួននៅហ្នឹងកន្លែងតែម្តង។ វាត្រូវបានចាត់ទុកជាសង្គ្រាមការទូតរវាងបីប្រទេស គឺសហរដ្ឋអាមេរិក រុស្ស៊ី និងអង់គ្លេស ដោយសារតែការបំពុលអតីតមន្ត្រីចារកម្មសម្ងាត់​រុស្ស៊ី នៅក្នុងទឹកដីចក្រភពអង់គ្លេស ដែលនាំឲ្យមានប្រតិកម្មខ្លាំងៗពីរដ្ឋាភិបាលអង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធកាត់ទឹកមិនដាច់ ដោយចោទរុស្ស៊ីថាជាអ្នកប្រព្រឹត្ត។

ទោះបីជាយ៉ាងនេះក្ដី ទីក្រុងម៉ូស្គូ បានទាត់ចោលរាល់​ការចោទប្រកាន់ទាំងឡាយ ហើយថា អង់គ្លេសកំពុង​ប្រឌិតរឿងឡើង ក្នុងចេតនាប្រមូល​ផ្ដុំកម្លាំងប្រឆាំង​នឹងរុស្ស៊ី។ លើសពីនេះ​ទៅទៀត រុស្ស៊ីក៏ធ្លាប់បានព្រមាន​កាលពីថ្ងៃម្សិលមិញដែរថា ខ្លួននឹងបណ្ដេញទូតអង់គ្លេស ជាការ​សងសឹងទៅនឹងការ​សម្រេចចិត្តរបស់លោកស្រី May។ «ជាការពិត​ណាស់ រុស្ស៊ីនឹងបណ្ដេញមន្ត្រី​ទូតអង់គ្លេស»។ នេះគឺជាការ បញ្ជាក់​យ៉ាងខ្លី របស់រដ្ឋមន្ត្រីការ​បរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ឆ្លើយតបទៅនឹង​សំណួរអ្នកសារព័ត៌មាន​ ពាក់ព័ន្ធនឹង​គំរោងបណ្ដេញ​មន្ត្រីទូតអង់គ្លេស​ចេញពីទីក្រុង​ម៉ូស្គូ។

គួររំលឹកថា អតីតមន្ត្រីចារកម្មរុស្ស៊ី លោក Sergei Skripal និងកូនស្រីរ​បស់លោកឈ្មោះ Yulia ត្រូវបានគេលួច​បំពុលសម្លាប់ នៅក្នុងទីក្រុង Salisbury ប្រទេស​អង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមក​ទល់ពេលនេះ អ្នកទាំងពីរនៅតែ ស្ថិតនៅក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ លោក Sergei Skripal ត្រូវបាន​គេរាយការណ៍ថា បានលក់ព័ត៌មាន​សំងាត់ជាច្រើនឱ្យ​អង់គ្លេស ទាក់ទិននឹងចំនួនអ្នកធ្វើចារកម្មឲ្យ​រុស្ស៊ីនៅ​អឺរ៉ុប។ ចំណែកឯ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង ក៏បានអំពាវនាវ​ជាថ្មីផងដែរ ឱ្យរុស្ស៊ីធ្វើ​ការបកស្រាយ ប៉ុន្តែទីក្រុង​វ៉ាស៊ីនតោន បានចោទត្រង់ៗ​តែម្ដងថា រុស្ស៊ីជាអ្នកនៅ​ពីក្រោយខ្នង​ការវាយប្រហារ​នេះ៕