(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលី កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នាចុងសប្តាហ៍នេះ ដោយក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចូលរួមផងដែរ។ ឆ្លៀតឱកាសនេះ សូមបង្ហាញពីជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ មុនពេលលោកក្លាយជាថ្នាក់ដឹកនាំ ដ៏ល្បីល្បាញមួយរូប៖
* នាយករដ្ឋមន្ត្រីទី ២៩ របស់អូស្ត្រាលី៖ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន
* មេដឹកនាំបក្សសេរី៖ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន
* រដ្ឋមន្ត្រីសារគមនាគមន៍៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥
* មេដឹកនាំបក្សប្រឆាំង៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៨ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩
* រដ្ឋមន្ត្រីបរិស្ថាន និងធនធានទឹក៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៧
* សមាជិកសភាអូស្ត្រាលី៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៤ ដល់បច្ចុប្បន្ន
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៥៤ (អាយុ ៦៣ឆ្នាំ)
* គណបក្សនយោបាយ៖ បក្សសេរីនិយម
* ភរិយា៖ លោកស្រី Lucy Hughes (រៀបការនៅឆ្នាំ១៩៨០)
* កូន៖ ចំនួនពីរនាក់
* អាជីពការងារ៖ អ្នកច្បាប់ ពាណិជ្ចករ និងអ្នកនយោបាយ
១៖ ជីវិតពីកុមារភាព
លោក Malcolm Bligh Turnbull កើតនៅទីក្រុងស៊ីដនី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៥៤ ជាកូនប្រុសតែម្នាក់របស់លោក Bruce Bligh Turnbull ដែលជាអ្នកទំនាក់ទំនងទិញ-លក់សណ្ឋាគារ និងម្តាយឈ្មោះលោកស្រី Coral Magnolia Lansbury ជាអ្នកសិល្បបម្រើការងារក្នុងវិទ្យុ អ្នកនិពន្ធ និងអ្នកអប់រំ និងជាបងប្អូនជីដូនមួយរបស់ Angela Lansbury តារាសម្តែងភាពយន្ត និងទូរទស្សន៍អង់គ្លេស។
ក្រោយមកឪពុកម្តាយរបស់ Turnbull បានបែកបាក់គ្នា នៅពេលដែល Turnbull ស្ថិតក្នុងវ័យ ០៩ឆ្នាំ ទើបម្តាយរបស់កុមាររូបនេះ ចាកចេញទៅប្រទេសនូវែលសេឡង់ ដោយទុកឱ្យ Turnbull ត្រូវរស់នៅជាមួយឪពុក។ Turnbull មានជំងឺហឺត តាំងពីកុមារភាព។ Turnbull ចំណាយពេលបីឆ្នាំ សិក្សានៅសាលារដ្ឋ Vaucluse និងចូលរៀនសាលា Sydney Grammar School។
ក្រោយមក Turnbull ទទួលបានអាហាររូបករណ៍នៅមហាវិទ្យាល័យ College Street។ Turnbull ត្រូវបានគេលើកជាសហប្រធានក្រុមជាន់ខ្ពស់ នៅឆ្នាំ១៩៧២ ព្រមទាំងឈ្នះការប្រកួតប្រជែង Lawrence Campbell Oratory លើមុខវិជ្ជាអក្សរសាស្ត្រ អង់គ្លេស និងប្រវត្ដិសាស្ដ្រ។ ប៉ុន្តែបើតាមប្រភពខ្លះបានឱ្យដឹងថា Turnbull មិនមែនជាសិស្សរៀនពូកែនោះទេ។
នៅឆ្នាំ១៩៧៣ លោក Turnbull បានចូលសិក្សានៅសកលវិទ្យាល័យស៊ីដនី ដោយបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ១៩៧៧ និងបញ្ចប់បរិញ្ញាបត្រច្បាប់ នៅឆ្នាំ១៩៧៨។ ក្នុងអំឡុងពេលនៃការសិក្សា លោកក៏បានប្រឡូកក្នុងនយោបាយនិស្សិត ដោយធ្វើជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសហភាពស៊ីដនី។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការក្រៅម៉ោង ក្នុងនាមជាអ្នកសារព័ត៌មាននយោបាយ ក្នុងកម្មវិធី Nation Review សម្រាប់វិទ្យុ 2SM និងChannel 9 ដែលគ្របដណ្តប់លើ បញ្ហានយោបាយរដ្ឋ។
នៅឆ្នាំ១៩៧៨ លោក Turnbull បានទទួលអាហារូបករណ៍ Rhodes និងបានចូលសិក្សានៅមហាវិទ្យាល័យ Brasenose នៅ Oxford ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ស៊ីវិល ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ ១៩៨០ ដោយភាពកិត្តិយស។ នៅ Oxford លោកឆ្លៀតឱកាសបម្រើការងារ នៅស្ថាប័នសារព័ត៌មាន The Sunday Times។ អ្វីដែលជារឿងគួរឱ្យចាប់អារម្មណ៍ ពេលនៅ Oxford សាកលវិទ្យាល័យ don បានសរសេរអំពីលោក Turnbull ថា លោកជាមនុស្សម្នាក់ដែល «តែងចូលក្នុងបន្ទប់ដោយមិនចេះគោះទ្វា»។
២៖ ជីវិតឯកជន
លោក Turnbull រៀបការជាមួយស្ត្រីជាពាណិជ្ជករដ៏លេចធ្លោម្នាក់ ដែលក្រោយមកជាសមាជិកក្រុមប្រឹក្សាក្រុងស៊ីដនី ក្នុងឆ្នាំ២០០៣ ដល់២០០៤។ ពួកគេបានរៀបការក្នុងឆ្នាំ១៩៨០ នៅព្រះវិហារមួយនៅ Oxford របស់ចក្រភពអង់គ្លេស។ ពួកគេមានកូនពីរនាក់ គឺ Alex និង Daisy។
គិតត្រឹមឆ្នាំ២០០៥ របាយការណ៍ទ្រព្យសម្បត្តិបានបង្ហាញថា ទ្រព្យសម្បត្តិគូស្វាមីភរិយាទាំងពីរ មានរហូតដល់ ១៣៣លានដុល្លារអូស្ត្រាលី ដែលធ្វើឱ្យលោកមានឈ្មោះថា សមាជិកសភាអូស្ត្រាលី ដែលមានទ្រព្យសម្បតិ្តច្រើនជាងគេ។ គិតដល់ឆ្នាំ២០១៥ ទ្រព្យសម្បត្តិរបស់លោកមានប្រមាណជា ២០០លានដុល្លារអូស្ត្រាលី។
៣៖ ការប្រឡូកក្នុងឆាកនយោបាយ
សូមជម្រាបថា មុនពេលឈានដល់ការប្រឡូកក្នុងឆាកនយោបាយ លោកធ្លាប់ប្រកបអាជីព និងការងារជាច្រើនលើកច្រើនសារ។ លោក Turnbull បានបង្ហាញការចាប់អារម្មណ៍ ក្នុងការចូលបម្រើការងារក្នុងសភាអូស្ត្រាលីជាលើកដំបូង ក្នុង១៩៨១។ ក្នុងឆ្នាំ១៩៩៣ លោកត្រូវបានគេតែងតាំងជាប្រធាន ចលនាសាធារណរដ្ឋអូស្ត្រាលី។
ពេលនោះលោកបានឈរឈ្មោះ ក្នុងនាមជាសមាជិកបក្សសេរីនិយម ក្រោយមកលោកក៏បានបោះបង់តំណែង ជាសមាជិកបក្សសេរីនេះម្តង ក្នុងឆ្នាំ១៩៨៦ ទើបប្រឡូកជាថ្មីក្នុងឆ្នាំ២០០០។ ប៉ុន្មានឆ្នាំក្រោយមកលោកបានក្លាយជា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Menzies ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់បក្សសេរីផ្ទាល់តែម្តង។
៤៖ គណបក្សនយោបាយ
ការពិតទៅលោក Turnbull មានជាប់ពាក់ព័ន្ធជាមួយគណបក្សសេរីនិយមអូស្ត្រាលី ជាយូរណាស់មកហើយ តាមរយៈអាជីពរបស់លោក។ ទោះយ៉ាងនេះក្តី លោកបែរជាឈរឈ្មោះសម្រាប់ការបោះឆ្នោត សម្រាប់គណបក្សពលករអូស្ត្រាលីទៅវិញ ។ នៅឆ្នាំ២០១៥ មានការបង្ហើបឱ្យដឹងថា លោក Turnbull បានធ្វើកិច្ចចរចាជាមួយលោក John Della Bosca នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងគោលដៅផ្លាស់ប្តូរគណបក្ស ហើយថា លោកមានបំណងប្រាថ្នាតំាងពីយុវវ័យ ចង់ដឹកនាំសហជីពពលករអូស្ត្រាលី ដែលមានទំនាក់ទំនងជាមួយ គណបក្សពលករផ្ទាល់តែម្តង។
៥៖ តំណែងជាសមាជិកសភា
បន្ទាប់ត្រូវបរាជ័យម្តងក្នុងឆ្នាំ២០០០ នៅឆ្នាំ២០០៣ លោក Turnbull បានប្រកាសថា លោកនឹងយកឈ្នះទៅលើលោក Peter King ដើម្បីទទួលបានអាសនៈក្នុងសភា ដោយបានឈរឈ្មោះជាបេក្ខជន របស់បក្សសេរីនិយមវិញម្តង។ ក្នុងអំឡុងពេលដែលមានយុទ្ធនាបោះឆ្នោតដ៏ស្វិតស្វាញ លោក King បានចោទប្រកាន់ លោក Turnbull ថា បានប្រព្រឹត្តខុសគោលការណ៍ច្បាប់ ក្នុងការបោះឆ្នោតសភានេះយ៉ាងនេះក្តី លោក Turnbull នៅតែទទួលបានជោគជ័យ ក្នុងការបោះឆ្នោតតាមការរំពឹងទុក។
៦៖ មេដឹកនាំបក្សប្រឆាំង ឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩
បន្ទាប់ពីការប្រឡូកក្នុងឆាកនយោបាយបានមួយរយៈ ទីបំផុតក្នុងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៨ លោកទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែងក្លាយជាមេដឹកនាំបក្សប្រឆាំង។ ក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីទទួលបានជោគជ័យនេះ លោកបានសារភាពថា លោកធ្លាប់ជក់សារធាតុ marijuana ក្នុងពេលលោកស្ថិតនៅជាយុវវ័យ ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំបក្សទីមួយ ដែលហ៊ានសារភាពរឿងបែបនេះ។
នៅដើមឆ្នាំ២០០៩ លោក Turnbull បានតែងតាំង Chris Kenny អតីតបុគ្គលិករបស់លោក Alexander Downer និងជាអ្នកកាសែតម្នាក់ ជាប្រធានបុគ្គលិករបស់លោកផ្ទាល់។
៧៖ ដំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយសារស្ថានភាពមិនអំណោយផល លោក Turnbull បានលាលែងពីគណរដ្ឋមន្ត្រី ហើយបានប្រកាសថា លោកនឹងធ្វើការប្រជែងជាមួយលោក Abbottd ដើម្បីក្លាយជាមេដឹកនាំរបស់គណបក្សសេរីនិយម។ លោក Turnbull បានប្រកាសថា លោក Abbott «មិនមានសមត្ថភាពក្នុងនាមជាអ្នកដឹកនាំសេដ្ឋកិច្ច ដែលយើងត្រូវការឡើយ» ព្រមទាំងលើកឡើងថា គណបក្សសេរីនិយម ត្រូវការរចនាបទដឹកនាំដែលគោរពប្រជាពលរដ្ឋ។
មិនខុសពីការតាំងចិត្ត លោកពិតជាទទួលបានជោគជ័យ ក្នុងការបោះឆ្នោតដោយសំឡេង ៥៤ ទល់នឹង ៤៤សម្លេង។ ទីបំផុតលោកបានស្បថកាន់ដំណែង ជានាយករដ្ឋមន្ត្រីទី ២៩ របស់អូស្ត្រាលីនៅប៉ុន្មានថ្ងៃបន្ទាប់។
ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Turnbull បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ក្រសួង Turnbull មិនធ្លាប់មានពីមុនមកត្រូវបានបង្កើតឡើង។ អ្វីដែលគួរកត់សម្គាល់នោះ លោកបានបង្កើនចំនួនគណៈរដ្ឋមន្ត្រីស្ត្រីពី ០២ ទៅ ០៥រូប ព្រមទាំងបានបានតែងតាំងលោកស្រី ម៉ារីសប៉េល ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិដំបូងគេរបស់អូស្ត្រាលីផងដែរ។
សូមជម្រាបថា គោលនយោបាយសំខាន់ៗរបស់លោក មានលក្ខណៈផ្ទុយពីលោក Abbott លើចំណុចមួយចំនួន ជាពិសេសគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុ របបសាធារណរដ្ឋនិយម និងផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាជាដើម៕
បកប្រែ និងសម្រួលដោយ ៖ អ៊ឹត ចណ្ណា