(ភ្នំពេញ)៖ មហាអនុតំបន់ទន្លេមេគង្គ ឬមហាតំបន់មេគង្គ គឺជាតំបន់អន្ដរជាតិនៃអាងទន្លេមេគង្គ។ តំបន់នេះទាំងមូលមានមនុស្សរស់នៅជាង៣០០លាននាក់។ មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើង ដោយសារកម្មវិធីអភិវឌ្ឍន៍ឆ្នាំ១៩៩២ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានប្រមូលផ្តុំរដ្ឋចំនួន៦ ជាធ្វើជាសមាជិក ក្នុងនោះមានប្រទេសកម្ពុជា ចិន (ជាពិសេសខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីចុង) ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានធ្វើការជាមួយគ្នានៅក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ឱ្យមានការរីកចម្រើន និងភាពចុះសម្រុងគ្នា។ មហាអនុតំបន់ទន្លេមេគង្គបានអនុម័ត នូវយុទ្ធសាស្ត្រចំនួនបីដែលហៅកាត់ថា (The 3 Cs)៖

១៖ ពង្រឹងការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច។
២៖ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើសមាហរណកម្មទីផ្សារ និងការសម្របសម្រួលពាណិជ្ជកម្ម រួមទាំងការធ្វើដំណើរឆ្លងកាត់ព្រំដែន។
៣៖ ការកសាងស្មារតីជាសហគមន៍មួយតាមរយៈការ ដោះស្រាយបញ្ហាសង្គម និងបរិសា្ថនរួមគ្នា។

កម្មវិធីអនុតំបន់ទន្លេមេគង្គ ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ជួយកំណត់និងអនុវត្តគម្រោងអាទិភាពរបស់អនុតំបន់ ក្នុងនោះមានវិស័យជាច្រើន ដូចជាកសិកម្ម ថាមពល បរិស្ថាន ប្រព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍ធនធានមនុស្សបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ដឹកជញ្ជូន ការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុង។

ភាពរីកចម្រើនប្រកបដោយចិរភាព ត្រូវសម្រេចបានតាមរយៈការអនុវត្តគម្រោងអនុតំបន់ទន្លេមេគង្គ ចាប់តាំងពីឆ្នាំ១៩៩២មក។ ចាប់តាំងពីឆ្នាំ១៩៩៨ មក កម្មវិធីអនុតំបន់ទន្លេមេគង្គ បានប្រើប្រាស់ច្រករបៀងសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ច្រករបៀងសេដ្ឋកិច្ច គឺជាតំបន់វិនិយោគ ដែលជាទូទៅស្ថិតនៅតាមបណ្តោយផ្លូវធំ ៗ ដែលតភ្ជាប់មជ្ឈមណ្ឌលសកម្មភាពសេដ្ឋកិច្ច។ ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗចំនួន៣ កំពុងត្រូវបានអភិវឌ្ឍ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្នុងនោះមានដូចជាច្រករបៀងសេដ្ឋកិច្ចខាងជើង និងខាងត្បូង ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងច្រករបៀងសេដ្ឋកិច្ចបូព៌ា - បស្ចិម។

នៅខែកញ្ញា ឆ្នាំ២០១៧ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានយល់ព្រមលើគម្រោងបំពង់បង្ហូរឧស្ម័ន រយៈពេលមធ្យម ដែលជាគម្រោងអាទិភាពចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ តាមរយៈគម្រោងបំពង់បង្ហូរប្រេងនេះមានគម្រោងវិនិយោគ និងជំនួយបច្ចេកទេសជាង២០០ ដែលនឹងត្រូវការហិរញ្ញប្បទានជាង៦០ ពាន់លានដុល្លារ ។

១៖ ទេសភាពនិងជីវចម្រុះ
មហាអនុតំបន់ទន្លេមេគង្គ ជាបណ្ដុំធនធានធម្មជាតិ និងវប្បធម៌ដ៏មហាសាលដែលមិនបានប្រៀបផ្ទឹមបាន ហើយត្រូវបានគេចាត់ទុកថាជាទីតាំងជីវជម្រុះដ៏សំខាន់មួយ ក្នុងចំណោមទីតាំងជីវចម្រុះដ៏សំខាន់នៅលើពិភពលោក។ តំបន់នេះគឺជាតំបន់ផ្គត់ផ្គង់អាហារដ៏សំខាន់ និងជាទីតាំងនៃគម្រោងសំណង់ទ្រង់ទ្រាយធំជាច្រើន ដែលធ្វើការទាក់ទងនឹងសេដ្ឋកិច្ច និងសង្គម។
តំបន់នេះមានទស្សនីយភាព និងជីវៈចម្រុះដ៏កម្រ យ៉ាងសម្បូរបែបខុស ៗ គ្នារាប់បញ្ចូលទាំងបណ្តុំខ្ពង់រាប ថ្មកំបោរ ដីវាលទំនាបដែលមានជីជាតិ ដីល្បាប់ ព្រៃឈើ និងវាលស្មៅ ទឹកធ្លាក់ និងតំបន់ដីសើមជាដើម។

២៖ ការអភិរក្ស
ដោយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់នេះ ធ្វើឱ្យកិច្ចខិតខំការពារធនធានធម្មជាតិ ជីវចម្រុះ និងវប្បធម៌ក្នុងតំបន់នេះ ក្លាយជារឿងដ៏ចាំបាច់ និងបន្ទាន់ជាខ្លាំង។ ការគំរាមកំហែងដែលកំពុងកើតមានគួរឱ្យបារម្ភបំផុតនាពេលនេះ គឺការអភិវឌ្ឍវារីអគ្គីសនី ការប្រែប្រួលអាកាសធាតុ ការជួញដូរសត្វព្រៃខុសច្បាប់ និងការបាត់បង់ទីជម្រកសត្វព្រៃជាដើម។

៣៖ វិស័យសំណង់ និងឧស្សាហកម្ម
ការប្រមូល និងការផលិតដោយប្រើប្រាស់ធនធានធម្មជាតិនៅក្នុងមហាអនុតំបន់មេគង្គ គឺផ្នែកមួយនៃសេដ្ឋកិច្ចដ៏សំខាន់។ ជាក់ស្តែងត្រឹមតែការនេសាទត្រីតាម ដងទន្លេមេគង្គ តែម្យ៉ាង ត្រូវបានគេប៉ាន់ប្រមាណអាចផ្ដល់ប្រាក់៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

ក្នុងប៉ុន្មានទសវត្សចុងក្រោយនេះមហាអនុតំបន់មេគង្គក៏បានក្លាយទៅជាតំបន់ដ៏មានសារៈសំខាន់មួយសម្រាប់គម្រោងសាងសង់ខ្នាតធំ និងការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័សដូចជាទំនប់វារីអគ្គីនី ការផលិតរ៉ែ និងវិស័យឧស្សាហកម្មជាដើម។

ការរួមបញ្ចូលគ្នានៃកត្តាទាំងនេះ បានក្តីព្រួយបារម្ភអំពីបញ្ហាបរិស្ថានចាប់តាំងពីឆ្នាំ២០០០មក ។ សម្រាប់ពេលនេះ កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ បានបង្កើតកម្មវិធី បរិស្ថាន យុទ្ធសាស្រ្ត និងការអភិវឌ្ឍយុទ្ធសាស្រ្ត នៃសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាពសម្រាប់តំបន់នេះ។ កម្មវិធីទាំងនេះត្រូវបានការចូលរួមពីសំណាក់ អង្គការដែលមានឥទ្ធិពលមួយចំនួន ដូចជាអង្គការសហប្រជាជាតិ (មានអង្គការ UNEP និងអង្គការ FAO) អង្គការ WWF អង្គការ PROFOR និងអង្គការដទៃទៀត នៅក្នុងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ជាមួយ ក្រសួងរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ។

សូមជម្រាបថា មហាអនុតំបន់ទន្លេមេគង្គ នឹងរៀបចំកិច្ចប្រជុំកំពូលលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា