(ហាណូយ, វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមេដឹកនាំមកពីប្រទេសចំនួន៥ផ្សេងទៀត នៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «សមិទ្ធិផលរយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព» ថ្នាក់ដឹកនាំ នឹងអនុម័តជាផ្លូវការផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨-២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំនេះនឹងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលផងដែរ។ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។
សូមបញ្ជាក់ថា មហាអនុតំបន់ទន្លេមេគង្គ ឬមហាតំបន់មេគង្គ គឺជាតំបន់អន្ដរជាតិនៃអាងទន្លេមេគង្គ។ តំបន់នេះទាំងមូលមានមនុស្សរស់នៅជាង៣០០លាននាក់។ មហាអនុតំបន់ទន្លេមេគង្គ ត្រូវបានបង្កើតឡើង ដោយសារកម្មវិធីអភិវឌ្ឍន៍ឆ្នាំ១៩៩២ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានប្រមូលផ្តុំរដ្ឋចំនួន៦ ជាធ្វើជាសមាជិក ក្នុងនោះមានប្រទេសកម្ពុជា ចិន (ជាពិសេសខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីចុង) ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានធ្វើការជាមួយគ្នានៅក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ឱ្យមានការរីកចម្រើន និងភាពចុះសម្រុងគ្នា។ មហាអនុតំបន់ទន្លេមេគង្គបានអនុម័ត នូវយុទ្ធសាស្ត្រចំនួនបីដែលហៅកាត់ថា (The 3 Cs)៖
១៖ ពង្រឹងការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច។
២៖ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងតាមរយៈការធ្វើសមាហរណកម្មទីផ្សារ និងការសម្របសម្រួលពាណិជ្ជកម្ម រួមទាំងការធ្វើដំណើរឆ្លងកាត់ព្រំដែន។
៣៖ ការកសាងស្មារតីជាសហគមន៍មួយតាមរយៈការ ដោះស្រាយបញ្ហាសង្គម និងបរិសា្ថនរួមគ្នា។
កម្មវិធីអនុតំបន់ទន្លេមេគង្គ ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ជួយកំណត់និងអនុវត្តគម្រោងអាទិភាពរបស់អនុតំបន់ ក្នុងនោះមានវិស័យជាច្រើន ដូចជាកសិកម្ម ថាមពល បរិស្ថាន ប្រព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍ធនធានមនុស្សបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ដឹកជញ្ជូន ការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុង។
ភាពរីកចម្រើនប្រកបដោយចិរភាព ត្រូវសម្រេចបានតាមរយៈការអនុវត្តគម្រោងអនុតំបន់ទន្លេមេគង្គ ចាប់តាំងពីឆ្នាំ១៩៩២មក។ ចាប់តាំងពីឆ្នាំ១៩៩៨ មក កម្មវិធីអនុតំបន់ទន្លេមេគង្គ បានប្រើប្រាស់ច្រករបៀងសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ច្រករបៀងសេដ្ឋកិច្ច គឺជាតំបន់វិនិយោគ ដែលជាទូទៅស្ថិតនៅតាមបណ្តោយផ្លូវធំ ៗ ដែលតភ្ជាប់មជ្ឈមណ្ឌលសកម្មភាពសេដ្ឋកិច្ច។ ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗចំនួន៣ កំពុងត្រូវបានអភិវឌ្ឍ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្នុងនោះមានដូចជាច្រករបៀងសេដ្ឋកិច្ចខាងជើង និងខាងត្បូង ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងច្រករបៀងសេដ្ឋកិច្ចបូព៌ា - បស្ចិម។
នៅខែកញ្ញា ឆ្នាំ២០១៧ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានយល់ព្រមលើគម្រោងបំពង់បង្ហូរឧស្ម័ន រយៈពេលមធ្យម ដែលជាគម្រោងអាទិភាពចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ តាមរយៈគម្រោងបំពង់បង្ហូរប្រេងនេះមានគម្រោងវិនិយោគ និងជំនួយបច្ចេកទេសជាង២០០ ដែលនឹងត្រូវការហិរញ្ញប្បទានជាង៦០ ពាន់លានដុល្លារ៕