(ហាណូយ, វៀតណាម)៖ ក្នុងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកជាសំណើចំនួន៥ទៅអង្គប្រជុំឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គឲ្យកាន់តែល្អប្រសើរថែមទៀត។
នៅចំពោះមេដឹកនាំប្រទេមហាអនុតំបន់មេគង្គ៥ផ្សេងទៀត (ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ភាពប្រកួតប្រជែង និងការកសាងនូវសហគមន៍តំបន់ដែលមានសុខសន្តិភាព វិបុលភាព និងសាមគ្គីភាព។
សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ក៏ជាផ្នែកមួយនៃការតភ្ជាប់អាស៊ានផងដែរ ក្នុងគោលដៅកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងប្រែក្លាយមហាអនុតំបន់មេគង្គទៅជាចំណុចស្នូលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បាននិងកំពុងជួយដល់ប្រទេសជាសមាជិកទាំងអស់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គនេះ។ ទន្ទឹងនឹងជោគជ័យកើតចេញពីកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ។
បញ្ហាប្រឈមទាំងនោះមានដូចជា កង្វះធនធាន ហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ បច្ច័យនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងភាបមិនច្បាស់លាស់នៃសេដ្ឋកិច្ចតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ សម្តេចតេជោ ហ៊ុន សែន លើកនូវសំណើចំនួន៥ ឲ្យមេដឹកនាំប្រទេសមហាអនុតំបន់មេគង្គពិចារណាក្នុងការកែលំអរ និងអនុវត្តន៍។
សំណើទាំង៥ចំណុច ដែលនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនោះរួមមាន៖
ទី១៖ ការតភ្ជាប់របៀងសេដ្ឋកិច្ចសំខាន់ៗជាអាទិ៍របៀងត្បូង-ជើង, របៀងកើត-លិច និងរបៀងភាគខាងត្បូង រួមទាំងគម្រោងសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដទៃទៀតលើការជំរុញការតភ្ជាប់ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ការជំរុញអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍទីក្រុងតាមរបៀងសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែទូលាយ។
ទី២៖ ប្រទេសមហាអនុតំបន់មេគង្គបង្កើនការយកចិត្តទុកដាក់លើការតភ្ជាប់ផ្នែកទន់ផងដែរ ដើម្បីទាញអត្ថប្រយោជន៍ឲ្យបានពេញលេញ ពីការវិនិយោគលើការតភ្ជាប់រូបវន្តរួមទាំងការតភ្ជាប់ឌីជីថល និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពីការធានាចលនាដោយសេរី និងប្រកបដោយប្រសិទ្ធភាពនូវលំហូរពលកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដោយបំពេញគ្នាទៅវិញទៅមកនៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់។ ដោយទទួលស្គាល់សារៈសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនក្នុងការលើកកម្ពស់ទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ប្រទេសជាសមាជិកទាំងអស់ រួមគ្នាពន្លឿនការអនុវត្តឲ្យបានពេញលេញនូវ «កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន» តាមរយៈការធ្វើបច្ចុប្បន្នភាពនីតិវិធីអនុវត្ត និងជំរុញអនុវត្តគំនិតផ្តួចផ្តើមនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
ទី៣៖ បន្តខិតខំធានាកំណើនសេដ្ឋកិច្ចមហាអនុតំបន់មេគង្គឲ្យមានភាពរឹងមាំ ចីរភាព និងបរិយាបន្នតាមរយៈការធានានូវប្រសិទ្ធភាពជាអតិបរមានៃការអនុវត្តកម្មវិធីមហាអនុតំបន់មេគង្គ។
ទី៤៖ លើកទឹកចិត្តដល់ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍មេត្តាបន្តខិតខំកៀរគរធនធានបន្ថែម ដើម្បីអនុវត្តផែនការប្រកបដោយមហិច្ឆតារបស់យើងឲ្យទទួលបានជោគជ័យក្នុងពេលអនាគត ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមតំបន់សំខាន់ៗដូចជា «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយ», «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» និង «គំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព» ក៏ដូចជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍតំបន់របស់យើង។
ទី៥៖ ចំពោះមុខការផ្លាស់ប្តូរឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោកទាំងលើទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការវិវត្តន៍នៃបច្ចេកវិទ្យា សម្តេចតេជោ ស្នើឲ្យមានការគិតគូរអំពីចក្ខុវិស័យវែងឆ្ងាយសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងទៅមុខ ក្រោយពីផែនការហាណូយ២០២២ ត្រូវបានបញ្ចប់ ដើម្បីចាប់យកឱកាស និងត្រៀមដោះស្រាយផលវិបាកនានាជាយថាហេតុ៕