(ម៉ូស្គូ)៖ ការវាយប្រហារ​មីស៊ីលរបស់​សហរដ្ឋអាមេរិក ទៅលើប្រទេសស៊ីរី​កាលពីសប្តាហ៍មុន បានលុបបំបាត់​ចោលរាល់​កាតព្វកិច្ច​ខាងសីល​ធម៌​​ទាំងអស់ ដែលតម្រូវឲ្យ​រុស្ស៊ី​បដិសេធ​មិនប្រគល់ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស S-300 ទៅឲ្យ​ប្រធានាធិបតី​ស៊ីរី Bashar al-Assad ដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួនពីមុនមកនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ​២០១៨។

រដ្ឋមន្រ្តីការ​បរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងថា «ឥឡូវនេះយើង​ពុំមានកាតព្វកិច្ច​ខាងសីលធម៌​ទៀតឡើយ។ យើងធ្លាប់មា​ន​កាត្វកិច្ចខាង​សីលធម៌... យើងធ្លាប់បាន​សន្យាថា មិនធ្វើយ៉ាងដូច្នោះ​កាលពី​ប្រមាណជា ១០ឆ្នាំមុន តបតាមសំណើ​របស់ដៃគូ​របស់យើង»។ មេបញ្ជាការ​យោធា​រុស្ស៊ីម្នាក់ ក៏ធ្លាប់បានបង្ហើប​ឲ្យដឹង​ផងដែរថា ទីក្រុងម៉ូស្គូ នឹងពិចារណា​ផ្គត់ផ្គង់ប្រព័ន្ធ​មីស៊ីល S-300 ទៅឲ្យ​ស៊ីរី ក្រោយ​ពីមាន​ការវាយប្រហារ​ដែលដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។

គួរជម្រាបថា សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស បានបាញ់មីស៊ីលចំនួន ១០៥គ្រាប់ កាលពីសប្តាហ៍មុន​ទៅលើស៊ីរី ដើម្បីធ្វើជា​ការសងសឹក​ចំពោះករណីវាយប្រហារ​ដោយឧស្ម័នគីមី ដែលគេសង្ស័យថា ជាស្នាដៃរបស់កង​កម្លាំងរដ្ឋាភិបាល​ស៊ីរី ទៅលើតំបន់​មួយ​​កន្លែង​កាន់​កាប់ដោយក្រុម​ឧទ្ទាម ដែលនៅក្បែរ​រដ្ឋធានី​ដាម៉ាស់។

បើតាមក្រុមអ្នក​វិភាគផ្នែកយោធា ប្រព័ន្ធ S-300 នឹងជួយបង្កើន​សមត្ថភាពរបស់​ប្រទេសរុស្ស៊ី ក្នុងការគ្រប់គ្រង​​ដែនអាកាសនៅ​ក្នុង​ប្រទេស​ស៊ីរី ជាទីដែលកងទ័ព​របស់រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ផ្តល់ការគាំទ្រ​ចំពោះរដ្ឋាភិបាល​របស់លោក Al-Assad និងអាចមាន​គោលដៅ​ដើម្បី​ទប់​ទល់នឹងសកម្មភាព​របស់​អាមេរិក៕