(វ៉ាស៊ីនតោន)៖ មន្ត្រីនានា​នៃស្ថាប័នមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ហៅកាត់ថា IMF បានព្រមាន​អំពីផលប៉ះពាល់​ទៅលើសេដ្ឋកិច្ច នៃបណ្តាប្រទេស​ក្នុងតំបន់អាស៊ី បើសិនជាសង្គ្រាម​ពាណិជ្ជកម្ម​នៅតែបន្តប្រព្រឹត្ត​ទៅយ៉ាងតាន​តឹងនោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នា២០១៨។

លោក ឆាងយ៉ុង រី (Changyong Rhee) ប្រធាននាយកដ្ឋានតំបន់អាស៊ី និងប៉ាស៊ីហ្វិក​របស់ IMF បានលើកឡើងក្នុង​សន្និសីទសារព័ត៌មាន​មួយនៅអាមេរិកថា «គោលនយោបាយ​គាំពារ​និយមថ្មីៗ​ដែលត្រូវបានដាក់ចេញ ដូចដែលការ​តម្លើងពន្ធនាំចូល ដែលត្រូវបាន​​ធ្វើ​កាលពី​ពេលថ្មីៗនេះ វានឹងបង្កផល​​ប៉ះពាល់ដោយ​​ចំពោះ​​ ទៅលើ​តំបន់អាស៊ី។ អាស៊ី គឺនៅតែតំបន់​នៃក្បាល​ម៉ាស៊ីនសេដ្ឋកិច្ច​ចម្បង សម្រាប់សកលលោក ដែលមានតម្លៃ​ស្មើនឹងជាង ៦០ភាគរយ នៃការអភិវឌ្ឍ​ជាសកល»

ទោះជាយ៉ាងណា​ក៏ដោយ តំបន់នេះកំពុងតែប្រឈម​នឹងហានិភ័យ​នៃការធ្លាក់ចុះ ​ក្នុងរយៈពេល​មធ្យម​ ក្នុងនោះមានទាំងការរឹតបន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុពិភពលោក​, ការផ្លាស់ប្តូរឆ្ពោះ​ទៅ​រកគោល​នយោបាយ​​ថ្មី ដែលកំពុងត្រៀមអនុវត្តន៍​ និងការកើនឡើង​នៃភាពតានតឹង​​នយោបាយ​​ភូមិសាស្ត្រ។ ដូច្នេះមន្ត្រីជំនាញ IMF បានធ្វើការអំពាវនាវឲ្យ​បណ្តា​ប្រទេសនានា ជាពិសេសមហាអំណាចសេដ្ឋកិច្ច ដែលចង់សំដៅលើចិន និងសហរដ្ឋ​អាមេរិក គួរតែព្យាយាម​ដោះស្រាយ​បញ្ហា​វិវាទពាណិជ្ជកម្ម ដើម្បីផល​ប្រយោជន៍​ជារួម៕