(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃសៅរ៍នេះ​បានចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ ចំពោះការអះអាង​ពីរបបដឹកនាំ​កូរ៉េខាងជើងថា នឹងផ្អាកការ​ធ្វើតេស្តសាកល្បង​មីស៊ីល-នុយក្លេអ៊ែរ ព្រមទាំងបិទ​ទីតាំងធ្វើតេស្តសាកល្បង​នុយក្លេអ៊ែរ ដ៏ធំបំផុត​ក្នុង​ប្រទេស​ថែមទៀត​ផងនោះ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នារសៀល​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

លោក ស៊ីនហ្សូ អាបេ បានគូស​បញ្ជាក់​យ៉ាង​​ដូច្នេះថា «វាជា​ជំហានមួយ ដែល​ឆ្ពោះទៅមុខ។​ ខ្ញុំសូមស្វាគមន៍​​ចំពោះ​​រឿងនេះ»។ ទោះបីជា​​យ៉ាង​នេះក្តី លោក អាបេ បាន​សង្កត់ធ្ងន់ថា អ្វីដែលពិភពលោក​​ចង់បានជាចុង​ក្រោយនោះ គឺនៅតែជា​ការបោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ, ក្បាល​គ្រាប់នុយក្លេអ៊ែរ និងអាវុធ​ប្រល័យលោក​ដទៃៗទៀត​របស់កូរ៉េខាងជើង​ទាំងស្រុង​តែ​ម្តង។

ចំពោះ​ការសម្រេចចិត្ត​ដ៏គួរឲ្យស្វាគមន៍​របស់កូរ៉េខាងជើង​នេះដែរ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងផងដែរថា លោក​មានក្តីរីករាយ និងសុទិដ្ឋិនិយមជាខ្លាំង។
បើតាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ប្រទេស​កូរ៉េខាងជើង នឹងចាប់ផ្តើមផ្អាក​ការធ្វើតេស្ត​សព្វាវុធខាងលើ ពីថ្ងៃសៅរ៍នេះតទៅ​ ហើយប្រទេស​កុម្មុយនិស្ត​មួយនេះ ក៏បានសម្រេច​បិទទ្វារទីតាំងធ្វើតេស្ត​ក្បាលគ្រាប់នុយក្លេអ៊ែរ​ដ៏ធំមួយនៅ​ភាគខាងជើង ប្រទេស ដើម្បី​ធានា​ពីតម្លាភាពនៃ​កិច្ចប្រឹងប្រែង​ ផ្អាកការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​ទៀតផង។

គួររំលឹកថា កាលពីដើម​សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់​ក្រុមអ្នក​សារព័ត៌មានថា លោកនឹងជួបជា​មួយលោក គីម នៅ​ចុង​​ខែឧសភា ឬក៏នៅដើម​ខែមិថុនា​ខាងមុខ ខណៈទីតាំងនៃ​​គម្រោងបើក​កិច្ចប្រជុំកំពូល​ រវាងប្រទេសទាំងពីរ​នេះ ពុំទាន់ត្រូវ​បានបញ្ជាក់​ច្បាស់​នៅ​ឡើយទេ៕