(កាប៊ុល)៖ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានអះអាងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅ ការិយាល័យចុះឈ្មោះក្នុងទីក្រុងកាប៊ុល បានកើនដល់៣១នាក់ហើយ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today​ នៅថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨។

បើតាមក្រុមមន្ត្រីអាហ្វហ្គានីស្ថាន ការវាយប្រហារខាងលើបានកើតឡើងនៅថ្ងៃអាទិត្យនេះ នៅចំពេលមនុស្សម្នាជាច្រើននាក់ កំពុងរង់ចាំយក អត្តសញ្ញាណប័ណ្ឌ ហើយភា្លមៗពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។ ចំណែកឯ ក្រុមតាលីបង់ ដែលតែងតែដឹកនាំសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹងអាជ្ញាធរ ក៏បានចេញមុខបដិសេធដែរថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើ ក៏បានបណ្ដាលឱ្យមនុស្ស៥០នាក់ រងរបួស ហើយអគារនៅក្បែរខាង ទទួលរងការខូចខាតផងដែរ៕