(សេអ៊ូល)៖ កូរ៉េខាងត្បូង បានប្រកាស​នៅថ្ងៃចន្ទនេះថា​ ខ្លួនសម្រេចចិត្ត​បិទប្រព័ន្ធផ្សព្វផ្សាយរិះគន់កូរ៉េខាងជើង នៅតំបន់ព្រំដែន​កូរ៉េហើយ ដោយរំពឹងថា​វាអាចនឹងជួយ​បង្កើនភាពរីកចំរើន​ នៃការផ្សះផ្សា​រវាង​កូរ៉េទាំងពីរ ដែលនឹងត្រូវជួប​ប្រជុំគ្នាក្នុងកិច្ច​ប្រជុំកំពូល អន្តរកូរ៉េនៅ​សប្ដាហ៍នេះ។ នេះបើតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួងការពារជាតិ​កូរ៉េខាងត្បូងបានគូស​បញ្ជាក់ដូច្នេះ​ថា «ក្រសួងការពារ​បានសម្រេចចិត្ត បិទប្រព័ន្ធបំពង​សំឡេងរិះគន់ប្រឆាំងនឹង​កូរ៉េខាងជើង នៅឯតំបន់ព្រំដែន​ដោយចាប់ផ្ដើមពី​ថ្ងៃចន្ទនេះតទៅ។ ការសម្រេចចិត្ត​នេះ មានគោលបំណងបន្ធូរបន្ថយ​ភាព​តានតឹងរវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ព្រមទាំងជួយ​បង្កើនសន្ទុះ​ភាពរីកចំរើន​ នៃការផ្សះផ្សា ក៏ដូចជាបង្កើន​បរិយាកាស​ប្រកបដោយសន្តិភាព​ នៅមុនជំនួប​កំពូល​អន្តរកូរ៉េ»

គួរបញ្ជាក់ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន នឹងត្រូវជួបពិភាក្សាគ្នា​នៅឯ​កិច្ចប្រជុំកំពូលអន្តរកូរ៉េ រៀបចំឡើង​នៅឯភូមិ Panmunjom ទឹកដីកូរ៉េខាងត្បូង​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ មុននឹង​លោក គីម ត្រូវជួប​ដោយជា​មួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ខែឧសភា ឬនៅដើម​ខែមិថុនា៕