(កាប៊ុល)៖ ក្រុមមន្ត្រី​សុខាភិបាល​អាហ្វហ្គានីស្ថាន​បានឱ្យដឹងថា ចំនួនអ្នកស្លាប់​នៅក្នុងការ​វាយប្រហារបំផ្ទុះ​គ្រាប់បែក​អត្តឃាតដ៏គួរឲ្យរន្ធត់ នៅខាងក្រៅការិយាល័យ​​ចុះឈ្មោះ​​​បោះឆ្នោតក្នុងទីក្រុង​កាប៊ុល បានកើន​ដល់​៥៧នាក់​ហើយ និង ១១៩នាក់​ផ្សេងទៀត​រងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ​ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ការវាយប្រហារ​ខាងលើបានកើត​ឡើងកាលពី​ថ្ងៃអាទិត្យ នៅចំពេលមនុស្ស​ម្នា​ជាច្រើននាក់ កំពុងរង់ចាំ​យកអត្ត​សញ្ញាណប័ណ្ណ ហើយ​ក្រុមតាលីបង់​ដែលតែងតែ​ដឹកនាំសកម្មភាព​វាយប្រហារ​ ដោយបំផ្ទុះគ្រាប់បែកប្រឆាំងនឹង​អាជ្ញាធរ ក៏បានចេញមុខ​បដិសេធ​ដែរថា ខ្លួនមិនមានជាប់​ពាក់ព័ន្ធនឹងការវាយ​ប្រហារនេះឡើយ។ ប៉ុន្តែភ្លាមៗនោះ ក្រុម ISIS បានចេញមុខ​អះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយ ការវាយប្រហារនេះ​ដែលមានគោលដៅ​ លើអ្នកកាន់សាសនា​អ៊ីស្លាម​និកាយស៊ីអ៊ីត។

គួរបញ្ជាក់ថា ក្រុម ISIS និងក្រុម​តាលីបង់ តែងតែដឹកនាំ​ការវាយប្រហារបំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជារឿយៗ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ ចុងក្រោយនេះ​ប្រឆាំងនឹងរដ្ឋាភិបាល​ទីក្រុង​កាប៊ុល។ ប៉ុន្តែការវាយប្រហារ​ផ្ទុះគ្រាប់បែក​កាលពីថ្ងៃអាទិត្យ កើតឡើង​នៅមុនពេល​ដែល ការបោះឆ្នោត​សភា​អាហ្វហ្គានីស្ថាន នៅត្រូវប្រព្រឹត្ត​ទៅនៅខែតុលា ខាង​មុខនេះ៕