(ហ្ស៊កដានី)៖ កងទ័ពសហរដ្ឋអាមេរិក​ និងហ្ស៊កដានី បានរួមគ្នាធ្វើសមយុទ្ធ​ពិសេសមួយ ស្តីពីការត្រៀមលក្ខណៈ​ដើម្បីការពារទបទល់​នឹង​សារធាតុគីមី ជីវសាស្រ្ត និងនុយក្លេអ៊ែរ​ជាដើម។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Washington Post នៅ​ព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

សមយុទ្ធខាងលើនេះ​គឺស្ថិតក្រោមក្របខណ្ឌ​ នៃការធ្វើលំហាត់​យោធា​ប្រឆាំងតស៊ូ​មាន​ឈ្មោះថា អ៊ីហ្គឺ ឡាយអឺន (Eager Lion) ដែលមានរយៈពេល ១២ថ្ងៃ និងមាន​ការចូលរួម​ពីពលទាហាន​ជាង ៧,០០០នាក់ ដោយក្នុងនោះ​មានកងទ័ព​របស់អាមេរិក​ចំនួន ៣,៥០០នាក់ ហើយវាត្រូវបាន​ធ្វើឡើង​នៅជាយ​ក្រុង ហ្សារកា (Zarqa) ភាគខាងកើត​រដ្ឋធានី អាំម៉ាន់ (Amman) របស់​ប្រទេសហ្ស៊កដានី ដែលជាសម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​មួយរបស់​អាមេរិក នៅក្នុង​តំបន់មជ្ឈិមបូព៌ា។

គួរជម្រាបថា សមយុទ្ធ​យោធា Eager Lion បានចាប់ផ្តើមកាល​ពីមួយសប្តាហ៍មុន ពោលគឺតែមួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋអាមេរិក បារាំង និងចក្រភព​អង់គ្លេស បានធ្វើការបាញ់​មីស៊ីលជាង ១០០គ្រាប់ ស្រោចទៅលើគោលដៅ​យោធារបស់​ប្រទេសស៊ីរី ដើម្បីឆ្លើយតប​​ចំពោះ​ការសង្ស័យថា​ មានករណីវាយប្រហារ​ដោយអាវុធគីមី នៅជាយ​ក្រុងដាម៉ាស ដែលជាស្នាដៃ​របស់រដ្ឋាភិបាល​​ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាស្សាដ។ Eager Lion បច្ចុប្បន្នគឺជា​សមយុទ្ធយោធា​ដ៏ធំជាងគេ​បំផុតរ​បស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់​មជ្ឈិមបូព៌ា៕