(គែរ)៖ ដំណោះស្រាយ​តាមផ្លូវនយោបាយ គឺជាមធ្យោបាយ​តែមួយគត់ ដើម្បីអាចជួយ​ឲ្យវិបត្តិស៊ីរី ដែលកំពុងបន្ត​អូសបន្លាយរហូត​មកដល់ថ្ងៃ​នេះ​ ​​អាចបញ្ចប់ទៅបាន។ នេះបើតាម​សម្តីអ្នកតំណាង​ពិសេស​របស់ចិន នៅប្រទេសស៊ីរី លោក ស៊ី ហ្ស៊ាវយ៉ាន (Xie Xiaoyan)ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ នៅឯរដ្ឋធានីគែរ​ប្រទេស​អេហ្ស៊ីប លោក Xie បានសម្តែងក្តី​ព្រួយបារម្ភ​ជាខ្លាំង ជុំវិញស្ថានការណ៍​ដ៏​ក្តៅ​គគុកនា​ពេលបច្ចុប្បន្ន នៅស៊ីរី ហើយទន្ទឹមនឹង​នោះលោកក៏បានទទូច​ឲ្យប្រទេសពាក់​ព័ន្ធនានា ចូលរួម​បន្ធូរបន្ថយ​ភាពតឹង និងងាកទៅរក​ការ​ចរចាគ្នា​ដោយសន្តិវិធី​ជំនួសវិញ។

លោក Xie Xiaoyan បានគូស​បញ្ជាក់ថា «ប្រទេសចិនពុំដែលគាំទ្រនោះឡើយ ចំពោះការ​ប្រើប្រាស់កម្លាំងបាយ ឬក៏ការគំរាមកំហែង​ប្រើ​ធម៌​ក្តៅ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ ហើយអ្នកតំណាង​ពិសេសរូបនេះ​បានបន្ថែមថា អធិបតេយ្យភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាព​ទឹកដី​របស់ប្រទេសស៊ីរី គួរតែត្រូវបាន​គោរពដោយ​ត្រឹមត្រូវ»

គួរជម្រាបថា បើតាម​លោក Xie រដ្ឋាភិបាល​ទីក្រុងប៉េកាំង មានជំនឿ​ជឿជាក់ថា ពុំមានដំណោះ​ស្រាយ​ផ្នែកយោធា​ណាមួយ អាចដោះ​ស្រាយ​បញ្ហានៅស៊ីរី​​បានឡើយ ហើយច្រកផ្លូវដែល​អាចងើបចេញពី​វិបត្តិដ៏រ៉ាំរ៉ៃនេះរួចនោះ គឺមានតែការដោះស្រាយ​តាមផ្នែកនយោបាយ​​​​ប៉ុណ្ណោះ (ជាការអង្គុយចុះចរចា​គ្នា រវាងភាគី​ពាក់ព័ន្ធ)៕