(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប៉ូលិសកាណាដា នៅថ្ងៃអង្គារនេះបានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់១០នាក់ហើយនៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿង បើកបំបុកអ្នកថ្មើរជើង នៅឯភាគខាងជើងនៃជាយទីក្រុង តូរ៉ុនតូ (Toronto) កាលពីថ្ងៃចន្ទ (ពេលវេលានៅអាមេរិកខាងជើង)៕

២៖ ទីបំផុតសេតវិមានបានសំដែងការពេញចិត្តពេញថ្លើមជាខ្លាំង ចំពោះការដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស នៃព្រឹទ្ធិសភាបានសម្រេចផ្តល់គាំទ្រដល់លោក ម៉ៃក៍ ប៉ុមផេអូ (Mike Pompeo) ដែលត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែងជា ប្រមុខការទូតថ្មីរបស់សហរដ្ឋអាមេរិក៕

៣៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៥.៣រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យ នៃសហភាពមីយ៉ាន់ម៉ា កាលពីវេលាម៉ោង ១០៖២៩នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅរ៉ង់ហ្គូន)៕

៤៖ អ្នកវិទ្យាសាស្ត្រខាងសត្វល្អិតចិនមួយរូប បានរកឃើញប្រភេទមូសយក្សមួយក្បាល ដែលមានស្លាបទាំងគូប្រវែងដល់ទៅ ១១.១៥សង់ទីម៉ែត្រ៕

៥៖ អគ្គីភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះ Bar-KTV មួយកន្លែងនៅក្នុងទីក្រុងគីងយ័ន នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន នាពេលរំលងអធ្រាតឈានចូលថ្ងៃអង្គារនេះតែម្តង ដោយបានផ្តាច់ជីវិតមនុស្សសរុប ១៨នាក់ និងបង្ករបួស ០៥នាក់ផ្សេងទៀត៕

៦៖ កងទ័ពអាកាសអ៊ីស្រាអែល បានលុបចោលការចូលរួមនៃក្រុមយន្តហោះចម្បាំងធុន F-15 របស់ខ្លួន នៅក្នុងការធ្វើសមយុទ្ធផ្លូវ អាកាសអន្តរជាតិ Red Flag ដែលប្រារព្ធឡើងនៅរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក ខណៈដែលប្រទេសអ៊ីស្រាអែលកំពុងប្រឈម មុខនឹងភាពតានតឹងកាន់តែកើនឡើង ជាមួយអ៊ីរ៉ង់ និងស៊ីរី ព្រមទាំងការបំផ្ទុះបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅតំបន់ហ្គាហ្សា (Gaza)។ ហេតុដូចនេះជំនួសមកវិញ យន្តហោះចម្បាំង F-15 នឹងបន្តនៅប្រុងជើងការខ្ពស់ក្នុងប្រទេសរបស់ខ្លួន៕