​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានយល់ព្រមលក់​យន្ដហោះ​ហ្វឹកហ្វឺន F16 និងគ្រាប់បែកឆ្លាតវៃ Precision Guided Kits (PGK) ឱ្យប្រទេសហូឡង់​ក្នុងតម្លៃរាប់​លានដុល្លារ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

យោងតាម​សេចក្ដីថ្លែងការណ៍ របស់ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិ​ការពារសន្តិសុខ នៃក្រសួងការ​បរទេសអាមេរិក បានអនុម័ត​លើការលក់​យន្ដហោះ​ហ្វឹកហ្វឺន F16 ក៏ដូចជាការ​ផ្ដល់សេវាកម្ម​ឱ្យរដ្ឋាភិបាល​ហូឡង់ ក្នុងតម្លៃជាង ១១០លានដុល្លារ។ បន្ថែមពី​លើនេះ សេចក្ដី​ថ្លែងការណ៍​ដដែល​ក៏បានបញ្ជាក់​ដែរថា ការអនុម័ត​ការលក់នេះ​នឹងជួយគាំទ្រ​ដល់គោល​នយោបាយ​ការបរទេស និង​សន្តិសុខជាតិ​របស់​សហរដ្ឋអាមេរិក តាមរយៈការ​លើកម្ពស់​សមត្ថភាពការពារសន្តិសុខ​ របស់ប្រទេសជាសមាជិក​អង្គការ​ណាតូ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​ក្រសួង​ការបរទេស​អាមេរិក ក៏បានយល់ព្រម​លក់គ្រាប់​បែកឆ្លាតវៃ M1156 Precision Guided Kits (PGK) ចំនួន ៣,៥០០គ្រាប់ ឱ្យហូឡង់​ផងដែរ ក្នុងតម្លៃ ៧០លានដុល្លារ ហើយ PGK នឹងជួយដល់ការអភិវឌ្ឍសមត្ថភាព​បាញ់កាំភ្លើង ​១១៥ មីលីម៉ែត្រ ព្រមទាំងសមត្ថភាព​ការពារខ្លួន​របស់ហូឡង់ ប្រឈមមុខ​នឹងការគំរាមកំហែង​ពីសត្រូវក្នុងពេល​បច្ចុប្បន្ន និងនៅពេល​អនាគត៕