(ស៊ីរី)៖ យោធារបស់​រុស្ស៊ី​បានឲ្យដឹងថា ប្រព័ន្ធ​ការពារដែនអាកាស​របស់ខ្លួន​ នៅឯ​មូលដ្ឋានទ័ព​អាកាស ហាម៉ៃមីម (Hmeimim) ប្រទេសស៊ីរី បានស្ទាក់ ​​និង​បាញ់កម្ទេច​វត្ថុ​មិនស្គាល់អត្តសញ្ញាណ​មួយចំនួន (អាចជាមីស៊ីល ឬដ្រូនស៊ើបការណ៍) ដែលមាន​គោលដៅសំដៅ​មកលើបន្ទាយ​យោធានេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

អ្នកនាំពាក្យយោធា​រុស្ស៊ីម្នាក់បាន​ឲ្យដឹងថា នាម្សិលមិញនេះ​គឺថ្ងៃទី២៤​ ខែមេសា មូលដ្ឋានឃ្លាំ​មើល​ដែនអាកាស នៃមូលដ្ឋានទ័ព​អាកាស Hmeimim បានប្រទះឃើញ​សញ្ញា​នៃវត្ថុតូចៗមិនដឹងថា ជាអ្វីឲ្យប្រាកដ​មួយក្រុមនៅ​លើ​ផ្ទៃអាកាស ហោះឆ្ពោះសំដៅ​មកកាន់បន្ទាយ​យោធា​នេះ។

យ៉ាងណាមិញ គ្រប់គោលដៅមិនស្គាល់អត្តសញ្ញាណ​ទាំងនោះ ត្រូវបានកម្ទេចចោល​ទាំងអស់ ដោយប្រព័ន្ធ​ការពារ​ដែនអាកាស ដែល​បានដាក់​ពង្រាយ​នៅទីនោះ ហើយ​ខណៈពេល​នេះមូលដ្ឋានទ័ព​អាកាស Hmeimim កំពុងបន្តធ្វើ​ប្រតិបត្តិការ​ជាធម្មតាដដែល ដោយ​ពុំបានទទួល​រងការ​ខូចខាត ឬមានអ្នក​រងគ្រោះ ដោយសារ​ករណីព្យាយាម​វាយប្រហារមួយ​នេះឡើយ។

គួរជម្រាបថា មូលដ្ឋាន​ទ័ព​អាកាស ដែលជាបន្ទាយ​យោធាមួយក្នុង​ចំណោមបន្ទាយយោធា​តែពីរប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការ​ដោយ​ប្រទេស​រុស្ស៊ី​នៅស៊ីរីនោះ ស្ថិតនៅក្នុង​ទីក្រុងឆ្នេរ ហ្សាឡេហ៍ (Jableh) ខណៈបន្ទាយមួយទៀតគឺស្ថិតនៅទីក្រុង តាទុស (Tartus) ភាគខាងលិចស៊ីរី៕