(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ​អ៊ីរ៉ង់​នឹងជួបបញ្ហា​ធំជាងមុន​ជាក់ជាពុំខាន ប្រសិនបើប្រទេសនេះ​ហ៊ាន​ចាប់​ផ្តើម​កម្មវិធីផលិតអាវុធ​នុយក្លេអ៊ែររបស់ខ្លួន​ឡើយវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

ថ្លែងក្នុងជំនួបជា​មួយប្រធានាធិបតី​បារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលកំពុងបំពេញ​ដំណើរទស្សនកិច្ចនៅ​សេតវិមាន លោក ត្រាំ បាន​និយាយថា «វានឹងពុំមែន​ជារឿងងាយស្រួល​ប៉ុន្មាននោះ​ឡើយ ដើម្បីឲ្យ​ពួកគេ (អ៊ីរ៉ង់) ចាប់ផ្តើម​កម្មវិធីនុយក្លេអ៊ែរ​ឡើងវិញ។ ពួក​គេ​នឹងមិន​​ធ្វើ​យ៉ាង​ដូច្នោះ​ឡើយ ពីព្រោះថា​ប្រសិនបើពួក​គេហ៊ាន ពួកគេនឹងត្រូវ​ប្រឈមមុខជា​មួយបញ្ហាយ៉ាងធំ ដែលធំសម្បើម​ជាងអ្វី ដែលពួកគេ​ធ្លាប់​​បានជួបប្រទះ​ពីមុនមក។

ជាមួយគ្នានេះ ឆ្លើយតប​ទៅនឹងសំណួរថា តើលោកនឹងសុខចិត្ត​នៅបន្តគោរពតាម​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ដែលគេ​ហៅថា JCPOA ទៀតដែរ​​ឬ​អត់​នោះ? លោក​ប្រធានាធិបតី​អាមេរិករូបនេះ បានលើក​ឡើងថា កិច្ចព្រមពៀង​នេះ គឺជារឿងហួស​នឹងថ្លែង​ហើយគួរឲ្យអស់​សំណើច និង​​ពុំគួរត្រូវបាន​បង្កើតឡើង​នោះឡើយ។ ជុំវិញរឿងនេះ​ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រួហានី ក៏បានព្រមាន​សហរដ្ឋអាមេរិកឲ្យ​​បន្តស្ថិតក្នុង​កិច្ចព្រមព្រៀង JCPOA នេះ​ផងដែរ បើមិនចង់ត្រូវ​ប្រឈមមុខនឹងផលវិបាក​យ៉ាងធ្ងន់ធ្ងរ​នោះ។

គួរជម្រាបថា JCPOA គឺជាកិច្ចព្រមព្រៀង​​អន្តរជាតិ ដែលសម្រេចបាន​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចធំៗ​​​លើ​ពិភពលោក រួមមាន​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បូកជាមួយ​សហភាពអឺរ៉ុប។ ក្នុងកិច្ច​ព្រមព្រៀង​​នេះ ក្រុមប្រទេស​លោកខាងលិច​ទាំងនេះ បានសន្យាបន្ធូរបន្ថយ​ទណ្ឌកម្មលើ​ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការផ្អាកកិច្ចប្រឹងប្រែង​របស់ទីក្រុង​តេហេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ៕