​(សេអ៊ូល)៖ ខណៈជំនួបកំពូល​អន្តរកូរ៉េ នឹងឈានចូលមកដល់​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ ការស្ទង់មតិមួយ​បានបង្ហាញ​ថា ប្រជាជន​កូរ៉េខាងត្បូង​​ចង់ឱ្យឧបទ្វីប​កូរ៉េមានសន្តិភាព​ជាអចិន្ត្រៃយ៍​ ជាជាង​ការបង្រួប​បង្រួម​គ្នា។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន​ ជែអ៊ីន នឹងត្រូវជួបជាមួយ​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯតំបន់​ព្រំដែនគ្មាន​យោធា​ក្នុងភូមិ Panmunjom ប៉ែកទឹកដី​កូរ៉េខាងត្បូង ហើយបើសិន​ជាគ្មានអ្វី​ប្រែប្រួល លោក គីម នឹងក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង ដំបូងគេ​បំផុត ដែលយកជើងជាន់​ទឹកដី​កូរ៉េខាងត្បូង។ ប៉ុន្តែទន្ទឹមគ្នានឹងជំនួបនេះដែរ ការស្ទង់មតិមួយធ្វើ​ឡើងដោយ​ក្រុមប្រឹក្សា​យោបល់បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង ​កាលពីខែមីនា​បង្ហាញថា ប្រជាជនកូរ៉េខាងត្បូង​ភាគច្រើនចង់​បានសន្តិភាព ជាជាងការបង្រួប​បង្រួមប្រទេសកូរ៉េទាំងពីរ។

យោងតាមការស្ទង់មតិ​ខាងលើ ប្រជាជនកូរ៉េខាងត្បូង ៥០.៣ភាគរយ ដែលត្រូវ​បានសាកសួរ និយាយថា ពួកគេជឿជាក់ថា​ការរំសាយ​អាវុធនុយក្លេអ៊ែរ គួរតែក្លាយជា​របៀបវារៈកំពូល​នៃកិច្ចប្រជុំ ខណៈ ៣៦.៨ភាគរយ ចង់ឱ្យមានការបន្ធូរបន្ថយ​ភាពតានតឹង​ផ្នែកយោធា។ ចំណែកឯ ប្រជាជន​កូរ៉េខាងត្បូង ដែលចង់ឱ្យកូរ៉េទាំងពីរ​រួមគ្នាជាប្រទេស​តែមួយមាន ២៣.៥ភាគរយ ហើយអ្នកមិន​ចង់ឱ្យកូរ៉េ​រួមគ្នា​មាន ១៨.៣ភាគរយ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល​អន្តរកូរ៉េ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ​អាចនិយាយ​បានថា ជាកិច្ចប្រជុំលើកទី ៣ រវាងបងប្អូន​កូរ៉េទាំងពីរ ដែលបានរៀបចំ​ជំនួបបែបនេះ កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៧។ ប៉ុន្តែជំនួប​ទាំងពីរនេះ មិនមានលទ្ធផល​អ្វីជាដុំកំភួនឡើយ រីឯ កូរ៉េខាងជើង ចេះតែបន្តបាញ់​សាកល្បងអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប​ជាបន្តបន្ទាប់​រហូតដល់ចុង​ឆ្នាំ២០១៧៕