(ហ្សាការតា)៖ អគ្គីភ័យ​ដែល​បានឆាបឆេះ​នៅ​អណ្តូងប្រេងខុសច្បាប់មួយកន្លែង​ ​ស្ថិតក្នុងខេត្ត អាសេ (Aceh) ភាគខាងជើង​នៃកោះ​ស៊ូម៉ាត្រា (Sumatra) ដែនដីភាគ​ខាងលិច​ នៃប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃ​ពុធ​នោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ១៥នាក់ហើយ និងរបួសប្រមាណ ៤៣នាក់ផ្សេងទៀត។ នេះបើ​តាមការ​​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

បន្ថែមពី​ខាងលើ​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ីកំពុងតែបំពេញ​ប្រតិបត្តិការ​សង្គ្រោះ និងស្វែងយល់​មូលហេតុ​នៃការកើត​ករណីអគ្គីភ័យខាងលើនេះ ប៉ុន្តែមូលហេតុទី ១ នោះគឺអាច​បណ្តាលមកពីការចោល​​កន្ទុយបារី។ នេះបើតាម​​សម្តីលោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) មន្ត្រីនៃទីភ្នាក់ងារចាត់ចែងគ្រា​មានអាសន្ន​​ឥណ្ឌូណេស៊ី បានបញ្ជាក់​​ប្រាប់ស៊ីនហួរ។

លោក ស៊ូតូផូ បញ្ជាក់យ៉ាងដូច្នេះថា «យើងនៅតែកំពុងប្រមូលទិន្នន័យបន្ថែម អំពីចំនួននៃជន​រងគ្រោះ ពីព្រោះតែភ្លើងនៅតែបន្តឆាបឆេះនៅឡើយ»។ សម្រាប់អ្នករងរបួសទាំងអស់ ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត អាសេ ដើម្បីទទួលការ​សង្គ្រោះហើយ ដោយខ្លះមានសភាព​ធ្ងន់ធ្ងរដោយត្រូវភ្លើងឆេះរោល​ពេញខ្លួនតែម្តង។

គួរបញ្ជាក់ថា អណ្តូងប្រេង​ខាងលើនេះ ស្ថិតនៅ​ក្នុងភូមិ Pasir Putih នៃស្រុក Timur របស់ខេត្តអាសេ ដោយវាបានឆាបឆេះ​តាំងពីវេលាម៉ោង ១៖៣០នាទីរំលង​អធ្រាត។ មនុស្សស្លាប់​ច្រើន​បែបនេះ ក៏ព្រោះតែកម្មករមួយចំនួន​មិនព្រមចាកចេញពេល​មានភ្លើងឆេះតិចៗ ដោយ​ពួកគេសុខចិត្ត​នៅប្រមូលប្រេង​សិន ទើបបានជា​ភ្លើងឆេះកាន់តែខ្លាំង ហើយដុតពួកគេតែម្តង៕