(អ៊ូឡាំបាទ័រ)៖ ប្រទេស​​ម៉ុងហ្គោលី និងមហាយក្ស​​ឥណ្ឌា​​បានព្រមព្រៀង​គ្នា​រួចហើយ នៅក្នុងការ​រឹត​ចំណង​មិត្តភាព​ទ្វេភាគី ព្រមទាំង​បង្កើនកិច្ចសហប្រតិបត្តិការ ​ទូលំទូលាយ​លើគ្រប់វិស័យ។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសម៉ុងហ្គោលី ដែលសារព័ត៌មាន ស៊ីនហួរ ដកស្រង់​នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួង​កិច្ចការបរទេស​របស់ឥណ្ឌា លោកស្រី ស៊ូសម៉ា ស្វារ៉ាច (Sushma Swaraj) បានមក​ដល់​រដ្ឋធានី អ៊ូឡាំបាទ័រ (Ulan Bator) របស់ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃ​អង្គារ​សប្តាហ៍នេះ ដើម្បីបំពេញ​ដំណើរទស្សន​កិច្ចរយៈពេល​ពីរថ្ងៃ ដែលវាជា​លើកដំបូង​បំផុត​សម្រាប់រដ្ឋមន្ត្រីការ​បរទេសឥណ្ឌា ក្នុងការមកបំពេញទស្សនកិច្ចនៅប្រទេស​ដែលជាប់​ព្រំដែន​ភាគខាងជើងប្រទេស​ចិនមួយនេះ ក្នុងរយៈពេល ៤២ឆ្នាំ​មកហើយ។

គួរបញ្ជាក់ថា នៅក្នុងដំណើរ​បំពេញ​ទស្សនកិច្ច ជាការបើកទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីនេះ ប្រទេសឥណ្ឌា​បានផ្តល់កម្ចីឥណទាន​សរុប ១ពាន់​លានដុល្លារ​អាមេរិក ដើម្បីសាងសង់​កន្លែងរុករកធនធាន​ប្រេងដ៏មានសក្តានុពល​បំផុតមួយ នៅក្នុងប្រទេស​ម៉ុងហ្គោលី។ បន្ថែមពីនេះ​ទៀត ប្រទេសទាំងពីរ​ក៏បានសន្យាបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ នយោបាយ, ការពារជាតិ, ពាណិជ្ជកម្ម, វិនិយោគ, ព័ត៌មាន​វិទ្យា, កសិកម្ម, អប់រំ និងសុខាភិបាល​ផងដែរ៕