(អង់ការ៉ា)៖ ប្រមុខការទូត​រុស្ស៊ី តួកគី និងអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំ​មួយស្តីពីបញ្ហាស៊ីរី នៅក្នុងទីក្រុងម៉ូស្គូ នាថ្ងៃសៅរ៍​ចុង​សប្តាហ៍នេះ។ នេះ​បើ​តាមសេចក្តីប្រកាសពីរដ្ឋាភិបាលតួកគី ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

ដំណឹងខាងលើ​ត្រូវបានធ្វើឡើង​ដោយក្រសួងការបរទេស​តួកគី ដែលបានប្រកាសថា រដ្ឋមន្រ្តីការបរទេស​របស់តួកគី ​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ព្រមទាំងរដ្ឋមន្រ្តី​ការបរទេសអ៊ីរ៉ង់ ដែលជាអ្នកធានា​នៃវេទិកាស្វែងរក​សន្តិភាពទីក្រុង អាស្តានា (Astana) នោះ​នឹង​បើកកិច្ចជួប​ពិភាក្សាមួយ​នៅ​ឯរដ្ឋធានីម៉ូស្គូ​នៃប្រទេសរុស្ស៊ី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

គួរជម្រាបថា ចាប់តាំងតែពី​​ប្រទេសទាំងបី បានចាប់ផ្តើម​កិច្ចប្រឹងប្រែង​ដើម្បីស្វែងរកសន្តិភាព​ឲ្យស៊ីរី​នៅឯរដ្ឋធានី Astana នៃប្រទេស​កាហ្សាក់ស្ថាន​មក កិច្ចប្រជុំជា​បន្តបន្ទាប់បាន​លេចចេញជា​រូបរាងឡើង ហើយក្នុងនាម​ជាប្រទេស​អ្នកធានា តួកគី-រុស្ស៊ី-អ៊ីរ៉ង់ បានប្រកាន់​​គោលជំហរ​យ៉ាងរឹងមាំ ក្នុងការធ្វើយ៉ាង​ណាសម្រេចឲ្យបាន​នូវអ្វីដែលខ្លួនហៅថា «បទឈប់បាញ់​ដ៏យូរអង្វែង» នៅក្នុង​ប្រទេសស៊ីរី ព្រមទាំង​បូរណភាព​ដែនដី​នៃប្រទេសរង​ការហែកហួរ​ដោយសង្រ្គាម​មួយនេះ៕