(សេអ៊ូល)៖ ប្រវត្តិសាស្ត្រថ្មី គួរជាទីអបអរសាទរពីគ្រប់មជ្ឈដ្ឋានទូទាំងសកលលោកនោះ ត្រូវបានលេចចេញជារូបរាងហើយ នៅពេញមួយថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ នេះតែម្តង ដោយកូរ៉េទាំងពីរបានបញ្ចប់ជំនួបជាផ្លូវការចំនួនពីរជុំសំខាន់ៗ ហើយបានចេញសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានដកស្រង់ចំណុចសំខាន់ៗដូចខាងក្រោម៖
១៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នាដើម្បីសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។
២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឯកភាពបញ្ចប់រាល់សកម្មភាពអរិភាពរវាងប្រទេសទាំងពីរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បិទបញ្ចប់ជាផ្លូវការនូវសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) និងស្វែងរកសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍សម្រាប់ឧបទ្វីបកូរ៉េ។
៣៖ លោក មូន និងលោក គីម ក៏បានសន្យាថា នឹងជំរុញឱ្យមានកិច្ចចរចាត្រីភាគីដោយមានការចូលរួមពីសហរដ្ឋអាមេរិក ឬក៏កិច្ច ចរចាចតុភាគីដោយមានការចូលរួមពីចិន ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ និងជំនួសបទឈប់បាញ់ ដោយសន្ធិសញ្ញាសន្តិភាពជាអចិន្ត្រៃយ៍ ឲ្យបាននៅក្នុងឆ្នាំ២០១៨នេះ។
៤៖ លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានយល់ព្រមបំពេញដំណើរទស្សកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើទី ២ ជាមួយលោក គីម ជុងអ៊ុន ម្ដងទៀត។
៥៖ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា ភាគីទាំងពីរបានឯកភាពគ្នាថា នឹងដំណើរការការរៀបចំពិធីជួបគ្រួសារ កូរ៉េនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នាឱកាសថ្ងៃរំដោះកូរ៉េពីនឹមត្រួតត្រារបស់ជប៉ុន (ពីឆ្នាំ១៩១០-១៩៤៥)។
៦៖ កូរ៉េទាំងពីរព្រមព្រៀងបង្កើតការិយាល័យទំនាក់ទំនងរួមមួយ នៅក្នុងសួនឧស្សាហកម្មរួមគ្នាកែសុង (Kaesong) ដើម្បីធានាឱ្យបាននូវការផ្លាស់ប្ដូរវិស័យឯកជន និង កិច្ចសហប្រតិបត្តិការទៅវិញទៅមក។
៧៖ អនុវត្តន៍ជំហានជាក់ស្ដែងលើការប្រើប្រាស់ផ្លូវដែក ដុងហេ (Donghae) និង គ្យឿងគុយ (Gyeongui) រួមទាំងផ្លូវដទៃទៀតដោយការតភ្ជាប់ និងធ្វើទំនើបកម្ម។
៨៖ បញ្ឈប់រាល់សកម្មភាពអរិភាពទាំងនៅលើដី សមុទ្រ និងអាកាសប្រឆាំងគ្នាទៅវិញទៅមក ក៏ដូចជាធ្វើការងាររួមគ្នាផងដែរប្រែក្លាយ តំបន់ព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ (DMZ) ក្លាយទៅជាតំបន់សន្តិភាព។
៩៖ ធ្វើឱ្យភាគខាងលិច នៃតំបន់កំណត់ខ្សែបន្ទាត់ដែនសមុទ្រខាងជើង (western of Northern Limit Line) ក្លាយជាសមុទ្រនៃសន្តិភាពសំដៅទប់ស្កាត់រាល់ឧប្បដិហេតុយោធា និងចាត់វិធានការក្នុងពេលបច្ចុប្បន្ន ដើម្បីធានសុវត្ថិភាពសម្រាប់សកម្មភាពនេសាទ។
១០៖ រៀបចំជំនួបយោធារវាងភាគីទាំងពីរឱ្យបានទៀងទាត់ ក្នុងនោះរួមមានជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងថ្នាក់ឧត្ដមសេនីយ៍នៅក្នុងខែឧសភា។
១១៖ អះអាងឡើងវិញពីការមិនរំលោភបំពានលើកិច្ចព្រមព្រៀង និងធ្វើការងាររួមគ្នាតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងធ្វើការងាររួមគ្នា។
១១៖ សម្រេចឱ្យបាននូវការកាត់បន្ថយអាវុធ ឱ្យស្របទៅតាមការកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នា។
១២៖ ព្រមព្រៀងជំរុញឱ្យមានកិច្ចចរចាត្រីភាគី ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងកូរ៉េទាំងពីរ ព្រមទាំងកិច្ចចរពហុភាគីដោយមានការចូលរួមពីកូរ៉េទាំងពីរ ចិន និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកការបិទបញ្ចប់ជាផ្លូវការសង្រ្គាមកូរ៉េ និងជំនួសបទឈប់បាញ់ទៅជាសន្ធិសញ្ញាសន្តិភាពជាអចិន្ត្រៃយ៍ ឲ្យបាននៅក្នុងឆ្នាំ២០១៨នេះតែម្តង។
១៣៖ អះអាងឡើងវិញពីការចែករំលែកវត្ថុបំណង សម្រេចឱ្យបានការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។
ដោយឡែកខាងក្រោមនេះវិញ គឺជាការព្រមព្រៀងគ្នារវាងមេដឹកនាំកូរ៉េទាំងពីរ (ព្រមព្រៀងផ្ទាល់មាត់) ដែលស្ថិតផ្នែកមួយទៀតនៃសេចក្តីថ្លែងការណ៍រួម៖
១៖ បង្កើតកិច្ចពិភាក្សាគ្នាជាទៀតទាត់ ពាក់ព័ន្ធនឹងបញ្ហាប្រជាជនកូរ៉េ និងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក តាមរយៈការរៀបចំកិច្ចប្រជុំ ឬកិច្ចពិភាក្សាតាមទូរស័ព្ទឱ្យបានទៀតទាត់។
២៖ បង្កើតកិច្ចខិតខំប្រឹងប្រែងរួមបន្ថែម ឆ្ពោះទៅរកការអភិវឌ្ឍនៃទំនាក់ទំនងអន្តរកូរ៉េ សន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ និងការរួបរួមគ្នា។
៣៖ ជួយសម្រួលប្រធានាធិបតីលោក មូន ជែអ៊ីន ទៅបំពេញដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨នេះ៕