(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្រ្តដ៏សំខាន់​មួយ  បានកើតឡើងនៅឯឧបទ្វីប​កូរ៉េ គឺជំនួបកំពូលជាលើកដំបូងបង្អស់រវាង ​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ សូម​ទស្សនាកម្រងរូបភាពនៃព្រឹត្តិការណ៍នេះ​​​ដូច​​ខាង​ក្រោម៖

១៖ លោក មូន ជែអ៊ីន ឈររង់ចាំទទួលការមកដល់​របស់លោក គីម ជុងអ៊ុន នៅឯខ្សែបន្ទាត់ខណ្ឌចែកព្រំដែនកូរ៉េ ដែលស្ថិតក្នុងភូមិ Panmunjom។

២៖ ​​​​ពេលឈានជើងចូលមកដល់ក្នុងដីកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន អញ្ជើញហើយអូសដៃលោក មូន ជែអ៊ីន ដើរឆ្លងទៅទឹកដីខាងកូរ៉េ​ខាងជើងមួយភ្លែតវិញ ដើម្បីបង្ហាញពីភាពស្មើគ្នា។

៣៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង-កូរ៉េខាងជើង ចំនួន១៨នាក់​ផ្សេងទៀត។

៤៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ត្រួតពលកងកិត្តិយស ក្រោយពីលោក គីម បានឆ្លងចូលមកទឹកដីកូរ៉េខាងត្បូង ដើម្បី​ត្រៀម​បើកកិច្ចប្រជុំកំពូល។

៥៖ ក្រុមមន្រ្តីសន្តិសុខកូរ៉េខាងជើង ធ្វើការត្រួតពិនិត្យនិងរៀបចំតុសម្រាប់ឲ្យ​លោក គីម ជុង អង្គុយចុះហត្ថលេខាលើសៀវភៅទទួល​ភ្ញៀវ​នៅឯអគារ Peace House។

៦៖ លោក គីម ជុងអ៊ុន ចុះហត្ថលេខានិងចារនៅលើសៀវភៅទទួលភ្ញៀវ នៅឯអគារសន្តិភាព (Peace House) ក្នុងភូមិ Panmunjom ដែល​ខណ្ឌចែកកូរ៉េទាំងពីរ។

៧៖ លោក មូន ជែអ៊ីន និង លោក គីម ជែអ៊ុន ធ្វើការសំណេះសំណាលគ្នា នៅមុនការចាប់ផ្តើមនៃកិច្ច​ប្រជុំកំពូលអន្តរកូរ៉េ ក្នុងអគារសន្តិភាព​របស់កូរ៉េខាងត្បូង។

៨៖ ជំនួបជុំទីមួយរវាងមេដឹកនាំកូរ៉េទាំងពីរ បញ្ចប់ទៅក្រោយរយៈពេលជិត២០ម៉ោង ហើយ​លោក មូន ជែអ៊ីន និងលោក គីម​ ជុងអ៊ុន ក៏ចាក​ចេញទៅទទួលទានអាហារពេលថ្ងៃត្រង់រៀងៗខ្លួន ដោយលោក គីម ឡើងជិះរថយន្តប្រណិតម៉ាក Mercedes-Benz ពណ៌ខ្មៅ ត្រឡប់ចូល​ទៅកាន់ទឹកដីកូរ៉េខាងជើងវិញសិន ជាមួយកងអង្គរក្សាចំនួន១២នាក់ នៅរត់អមការពារជុំវិញ។

៩៖ ក្រោយពីបាយថ្ងៃត្រង់ហើយ លោក គីម ជុងអ៊ុន និងប្រតិភូ​កូរ៉េខាងជើងត្រឡប់ចូលមកទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom វីញ ដើម្បីចូលរួមពិធីដាំដើមឈើជានិមិត្តរូបជាមួយ​លោក មូន ជែអ៊ីន។ តាមពិតវាពុំមែនជាការដាំកូនឈើផ្ទាល់នោះឡើយ ដោយមេដឹកនាំ​ទាំងពីររូប គ្រាន់តែបន្ថែមដីនិងស្រោចទឹក ដែលយកមកពីដែនដីរៀងៗខ្លួន ទៅលើដើមស្រល់ដ៏ចំណាស់មួយដើម ដែលមានអាយុកាល​តាំងពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ប៉ុណ្ណោះ។

១០៖ ក្រោយពីចូលរួមពិធីដាំដើមឈើរួចលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បណ្តើរគ្នាទៅអង្គុយជជែកតែពីរនាក់​​តទល់លើ​ស្ពាន​ពណ៌​ខៀវ​មួយ ដែល​ស្ថិតក្នុងបរិវេណ​ភូមិ Panmunjom។

១១៖ ​លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ឱបគ្នាយ៉ាងជិតស្និទ្ធិក្រោយពីចុះហត្ថលេខាលើសេចក្តីប្រកាស​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​រួច​។

១២៖ លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ធ្វើសេចក្តីថ្លែងការណ៍រួមពី​កិច្ចព្រមព្រៀង​នានា ដែលជាលទ្ធផលនៃកិច្ចជំនួប​ជាប្រវត្តិសាស្រ្ត​រវាងមេដឹកនាំប្រទេសទាំងពីរ។

១៣៖ លោក មូន ជែអ៊ីន និងភរិយា ព្រមទាំងលោក គីម ជុងអ៊ុននិងភរិយា ចូលរួមពីធីជប់លៀងអាហារពេលល្ងាច ដែលជាកម្មវិធី​បញ្ចប់​រៀប​ចំ​ឡើង​​ដោយ​​លោកប្រធានាធិបតីកូរ៉េខាងត្បូង មុនពេលលោក គីម វិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ ក្រោយពីបានចូលរួម​ជំនួប​កំពូលអស់រយៈពេលមួយថ្ងៃពេញនេះ៕