(បូហ្គោតា)៖ យោង​តាម​អាជ្ញាធរកូឡុំប៊ីបាន​ឲ្យដឹងថា យន្តហោះខ្នាតបង្គួរដែលដឹកក្រុម​កីឡារប្រេស៊ីល និងសហសេវិក​សរុប ៧៧នាក់ និងធ្លាក់នៅក្នុងព្រៃមួយ​នៃប្រទេស​តំបន់​អាមេរិកខាងត្បូងមួយនេះ​កាលពីឆ្នាំ២០១៦​នោះ គឺដោយសារ​តែមូលហេតុអស់សាំង។ នេះបើតាម​ការ​​ចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

របាយការណ៍​ចុងក្រោយនេះ ត្រូវបានចេញផ្សាយ​ដោយអាជ្ញាធរអាកាសចរណ៍​ស៊ីវិល​កូឡុំប៊ី (CCAA) ដោយ​អះអាងថា យន្តហោះ Avro RJ85 បានអស់សាំង មុនទៅដល់គោលដៅ​នៃព្រលានយន្តហោះ​ទីក្រុង Medellin ប្រទេស​កូឡុំប៊ី។ អ្នក​ដំណើរ ៧១នាក់ (ភាគច្រើន​បំផុតជាកីឡាករនៃក្រុមបាល់ទាត់ក្លឹប Chapecoense) ក្នុងចំណោម​មនុស្សជិះនៅលើ​យន្តហោះ​ទាំងអស់ ៧៧នាក់ បានស្លាប់បាត់​បង់ជិវិត។

លោក Miguel Camacho ប្រធានផ្នែក​ស៊ើបអង្កេតរបស់ CCAA លើករណី​ធ្លាក់យន្តហោះ ដែលបាន​ធ្វើដំណើរ​មកពីប្រទេសនោះ បានអះអាងថា «យន្តហោះបាន​បន្លឺសំឡេង និងលោតភ្លើង​សញ្ញាប្រកាស​អាសន្ន ដែលបង្ខំឲ្យក្រុម​អាកាសយានិក ចាត់វិធានការ​ជាបន្ទាន់​ដើម្បីគ្រប់គ្រង​ស្ថានការណ៍ ពេល​យន្តហោះ​ជិតអស់សាំង​មែនទែន»

គួរបញ្ជាក់ថា យន្តហោះខាងលើនេះ ត្រូវបានរៀបចំឲ្យធ្វើដំណើរ​រយៈចម្ងាយ ២,៩៧២គីឡូម៉ែត្រ​​ឯណោះ ប៉ុន្តែសាំងដែល​មាននៅក្នុងយន្តហោះ គឺមានមិនគ្រប់គ្រាន់​​នោះឡើយ ហើយអាកាសយានិក និងផ្នែកគ្រប់គ្រងការហោះហើរ មិនបានជូនដំណឹងនេះឡើយ ដោយនៅតែជម្នះធ្វើការហោះហើរទាំងដែលដឹងថា សាំងមិនគ្រប់គ្រាន់ទៀត។ ជុំវិញ​សោក​នាដកម្ម​នេះ ប្រធានក្រុម LaMia លោក Gustavo Vargas Gamboa ជាម្ចាស់​យន្តហោះ​​ដែលបាន​ធ្លាក់នោះ ត្រូវបានតុលាការ​​ចោទប្រកាន់​ពីបទ​​មនុស្ស​ឃាត៕