(សេអ៊ូល)៖ អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ​ប្រមុខដឹកនាំវ័យក្មេង​កូរ៉េខាងជើង ត្រូវបានប្រជាជន​កូរ៉េខាងត្បូងចាត់ទុកថា ជា​បុគ្គល​ឃោ​​ឃៅគ្មានធម៌មេត្តា​ម្នាក់ ដែលដឹកនាំ​ប្រទេសជិតខាង​របស់ពួកគេ ក្នុងការអភិវឌ្ឍ​​អាវុធ​មហាប្រល័យ ប៉ុន្តែក្នុងអំឡុង​នៃការ​បំពេញ​ទស្សន​កិច្ច​ ​ឆ្លងព្រំដែន​​មក​កាន់​ទឹកដី​កូរ៉េខាងត្បូង​រយៈពេលប្រមាណ​ ១២ម៉ោង​​​កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ លោក គីម ជុងអ៊ុន ហាក់ដូចជា​បានលើក​​ស្ទួយ​​មុខ​មាត់​​​របស់​​លោក​ តាមរយៈការបង្ហាញ​ខ្លួន​ជាមនុស្សធម្មតា និងគួរឲ្យចូលចិត្ត​រាប់អាន ជាមួយឥរិយាបថ​ទៀតត្រង់ដាក់ខ្លួន និង​វៃ​ឆ្លាត។ នេះបើតាម​ការដក​ស្រង់ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

ម្សិលមិញនេះ​គឺជាឱកាសដ៏កម្រមួយ​ សម្រាប់ឲ្យ​អន្តរជាតិ​បានសង្កេតមើល​ពេញភ្នែក​ចំពោះ​លោក គីម ជុងអ៊ុន ដែលជាធម្មតា​មិនងាយចាកចេញ​ពី​ប្រទេស​កំណើត​របស់លោក​ឡើយ។ នៅក្នុងការផ្សាយ​ផ្ទាល់​តាមកញ្ចក់ទូរទស្សន៍ ដែលត្រូវបាន​ទស្សនាដោយ​ជនជាតិកូរ៉េខាងត្បូង​រាប់លាន​នាក់​ លោក គីម បានបង្ហាញ​ស្នាមញញឹមយ៉ាងកក់ក្តៅ ការផ្ទុះសំណើច ការជជែកគ្នាលេង ការនិយាយរឿងកំប្លែង និងបានឱបរឹត​​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ថែម​ទៀតផង នៅអំឡុង​កិច្ចប្រជុំ​កំពូលអន្តរកូរ៉េ​លើកទីមួយ​​របស់​មេដឹកនាំ​ទាំងពីរ។​

ប្រជាជនកូរ៉េមួយ​ចំនួនបាន​លើកឡើងថា ពួកគេធ្លាប់តែ​ឃើញលោក គីម នៅតាមប្រព័ន្ធ​ផ្សព្វផ្សាយ ដោយឈរ​ធ្វើមុខមាំៗ នៅឯ​ទីតាំង​​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ និងមីស៊ីល ឬព្រឹត្តិការណ៍​នយោបាយ​ផ្សេងៗ ប៉ុន្តែតាមពិត​ទៅលោក គីម មើលទៅដូច​ជាមានភាពរួសរាយ​រាក់ទាក់​ខ្លាំង និង​គួរឲ្យគោរព​នៅពេល​លោក​ជួបជាមួយ​លោក មូន។

យ៉ាងណាមិញ បើតាមមន្រ្តី និងអ្នកជំនាញអាមេរិកមួយចំនួន បានបង្ហាញ​មន្ទិល​ចំពោះ​ភាព​​ស្មោះ​ត្រង់​របស់ លោក គីម ជុងអ៊ុន ហើយបាន​មើលឃើញភាព​ឱនលំទោន​ផ្នែកការទូត​នាពេលថ្មីៗនេះ របស់កូរ៉េខាងជើងថា មានគោល​បំណងដើម្បី​រើបំរាស់ខ្លួនចេញ​ពីទណ្ឌកម្ម​សេដ្ឋកិច្ច ដែលបានដាក់​ទៅលើទីក្រុង​ព្យុងយ៉ាង ដោយអន្តរជាតិ​តែ​ប៉ុណ្ណោះ។ ទោះបីជា​បែបនេះក្តី​ គ្រប់គ្នា​នៅតែចង់ឃើញ​ការវិវឌ្ឍន៍​ទៅមុខ​ដ៏វិជ្ជមាន នៃទំនាក់ទំនង​កូរ៉េទាំងពីរ រួមទាំងមហា​អំណាច​ដែលស្ថិតនៅពី​ក្រោយខ្នង នៃបងប្អូន​ទាំងពីរនេះ ព្រោះវាជាផល​ប្រយោជន៍រួម ដែលសកលលោកចង់បាន។

គួរជម្រាបថា ជារឿយៗ​លោក គីម ជុងអ៊ុន ត្រូវប្រទេសលោកខាងលិចវាយតម្លៃថា ជាមនុស្សគ្មាន​ធម៌មេត្តា​​​ម្នាក់​ ដោយ​លោក​​ត្រូវ​បាន​គេ​ចោទ​​ប្រកាន់ថា បានបញ្ជាឲ្យ​​មាន​ការ​ធ្វើលួចធ្វើឃាត​​​បងប្រុសម្តាយទី​ទៃ​ និងសម្លាប់ពូបង្កើត​របស់ខ្លួនជាដើម ដើម្បីប្រមូល​ផ្តុំអំណាច ប៉ុន្តែបញ្ហាផ្ទៃ​ក្នុងនៃគ្រួសារ​ត្រកូលគីមនេះ មិនមែន​ជារឿងដែល​ត្រូវរំលឹក​ទៀតឡើយ ព្រោះពេលនេះ​គោលដៅធំៗ​ពីរដែលសហគមន៍​អន្តរជាតិ​ចង់ឲ្យមានការ​ដោះស្រាយ​នោះគឺ ទីមួយការលប់បំបាត់​អាវុធ​នុយក្លេអ៊ែរ និងទីពីរការ​បង្កើតកិច្ចព្រមព្រៀង​សន្តិភាព ដើម្បីភាព​សុខសាន្តជាអចិន្ត្រៃយ៍​នៅលើឧបទ្វីបកូរ៉េ ព្រមទាំងថ្នាក់តំបន់ និងអន្តរជាតិ៕