(វ៉ាស៊ីនតោន)៖ នាថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) បានមកបំពេញ​​ទស្សន​កិច្ច​​រយៈ​ពេលមួយថ្ងៃ​នៅឯសេតវិមាន​របស់លោក ដូណាល់ ត្រាំ ក្នុងគោលបំណង​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អាមេរិករូបនេះ ពី​បញ្ហា​កិច្ច​​ព្រម​ព្រៀង​​នុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាវិស័យ​ពាណិជ្ជកម្ម ដែលសុទ្ធតែជាបញ្ហាដ៏កក្តៅ​គគុក។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​​ពី ​សារ​ព័ត៌​មាន BBC នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

លោកស្រី Merkel បាននិយាយថា លោកស្រីនឹងបន្តធ្វើការទាក់ទង​យ៉ាងជិតស្និទ្ធ​ ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ពាក់​ព័ន្ធ​នឹងកិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែលរូបលោក​អាចនឹង​លុបចោល។ លោកស្រីអធិការបតី​អាល្លឺម៉ង់ បានចាត់ទុក​កិច្ច​ព្រមព្រៀង​​អន្តរជាតិ​​ឆ្នាំ២០១៥នេះថា ជាជំហាន​ដំបូងដ៏សំខាន់​មួយ ដែលបានទប់ស្កាត់​រដ្ឋាភិបាលទីក្រុង​តេហេរ៉ង់ មិនឲ្យ​ធ្វើការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរឡើងវិញ។

មួយវិញទៀត ភាពខ្វែងគំនិតគ្នា​របស់​លោកស្រី Merkel និងលោក ត្រាំ ជុំវិញបញ្ហា​ពាណិជ្ជកម្ម ត្រូវបានគេ​មើលឃើញ​យ៉ាងជាក់ស្តែង នៅអំឡុងការ​ធ្វើសន្និសីទ​សារព័ត៌មានរួមគ្នា​ របស់មេដឹកនាំ​ប្រទេស​ទាំងពីរ។​ លោកស្រី បានសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូល​លោក ដូណាល់ ត្រាំ កុំឲ្យបង្កើនពន្ធ​អាមេរិក​ទៅលើការផលិតផល​នាំចូលដែក​ និងអាលុយមីញ៉ូម​ពីអឺរ៉ុប។ ទីក្រុងប៊ែរឡាំង រំពឹងថាការ​លើកលែងពន្ធរបស់​​សហ​រដ្ឋអាមេរិក​ចំពោះខ្លួន នឹងត្រូវផុតកំណត់​នៅថ្ងៃទី០១ ដើមខែឧសភា​ឆាប់ៗ​ខាង​មុខនេះ។

កាលពីមួយខែមុន សហរដ្ឋអាមេរិក បានចេញចំណាត់ការដំឡើងពន្ធ២៥ភាគរយ ទៅលើការនាំចូលដែក និង១០ភាគរយទៅលើ​ការនាំចូល​អាលុយមីញ៉ូម ប៉ុន្តែបានផ្តល់ការលើកលែងដល់សហភាពអឺរ៉ុប, ដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្ម NAFTA ដូចជាកាណាដា និងម៉ិចស៊ីកូ ព្រម​ទាំងអាហ្សង់ទីន ប្រេស៊ីល អូស្រ្តាលី និងកូរ៉េខាងត្បូង ប៉ុន្តែការលើកលែងទាំងនោះ នឹងត្រូវផុតកំណត់នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។

គួរជម្រាបថា លោកស្រី Merkel បានបរាជ័យក្នុងការបង្កើត​ទំនាក់ទំនង​ប្រសើរមួយជាមួយលោក ដូណាល់ ត្រាំ​ ហើយបរិយាកាស​នៃ​ដំណើរ​ទស្សនកិច្ចការងារ​រយៈពេលខ្លីរបស់​លោកស្រី នៅឯរដ្ឋធានី​វ៉ាស៊ីនតោន គឺស្ទើរតែផ្ទុយ​ទាំងស្រុង​ពីដំណើរ​ទស្សនកិច្ច​​រយៈពេល ០៣ថ្ងៃ​​ កាល​ពី​ថ្មីៗ​​របស់លោក ម៉ាក្រុង (Macron) ជាមួយ​លោក Trump ដែលមានភាព​រាក់ទាក់ និងស្វាគមន៍ជាខ្លាំង​​រវាង​មេដឹកនាំ​ទាំងពីរ៕