(ហ្សាការតា)៖ ប៉ូលិស​ឥណ្ឌូណេស៊ី​នាថ្ងៃពុធនេះ បានបាញ់សម្លាប់​​បុរសចំនួន ០៣នាក់ បន្ទាប់ពីជន​សង្ស័យម្នាក់ក្នុង​ចំណោមនោះ បានវាយ​​ប្រហារ​មកលើអាជ្ញាធរ ដោយប្រើដាវ​សាំមូរ៉ៃ និងបានបណ្តាលឲ្យ​មន្រ្តីប៉ូលិសពីរ​នាក់របួស នៅឯទីបញ្ជាការ​ប៉ូលិស រាអ៊ូ (Riau) ក្នុងទីក្រុង ផេកាន់បារូ (Pekanbaru) លើកោះស៊ូម៉ាត្រា។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹក​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

បើតាមរបាយការណ៍​របស់ប៉ូលិស​ឥណ្ឌូណេស៊ី បុរសម្នាក់​ក្នុងចំណោមជន​សង្ស័យទាំង ០៣នាក់ខាងលើ បានបំពាក់​គ្រាប់បែក​ជាប់នឹងខ្លួន​របស់គេ។ ក្រៅពីនេះ​បុរសម្នាក់ទៀត​ ក៏ត្រូវបានចាប់​ឃាត់ខ្លួន​ផងដែរ ខណៈជនសង្ស័យ​ប្រហែល ០៤នាក់ផ្សេងទៀត ទំនងជា​បានរត់​គេច​ខ្លួនពីកន្លែង​កើត​ហេតុ។

គួរជម្រាបថា បើតាមប្រភព​ដដែល​បុរសជាជនសង្ស័យ​ទាំងប៉ុន្មាន​ខាងលើ បានបើក​រថយន្ត​មួយគ្រឿង សំដៅមកកាន់បរិវេណ​នៃស្ថានីយ​​ប៉ូលិស មុនធ្វើសកម្មភាព​វាយប្រហារ​ខាងលើនេះ។ អំឡុងពេល​ប៉ុន្មានថ្ងៃចុង​ក្រោយនេះ ករណីវាយប្រហារ​​ជាបន្តបន្ទាប់ ជាពិសេសនោះ​គឺ​ការបំផ្ទុះគ្រាប់បែកអត្តឃាត​តែម្តង បានអុកលុក​​ប្រទេសឥណ្ឌូណេស៊ី​ជាខ្លាំង និងផ្តាច់ជីវិតមនុស្ស​ជាច្រើននាក់ ដោយកាលពី​ដើមសប្តាហ៍​នេះ ស្ថានីយប៉ូលិស​នៅ​ក្នុងក្រុង សារ៉ាបេយ (Sarabay) នៃខេត្តជ្វា​ភាគខាងកើត ទើបតែបាន​ទទួលរងការបំផ្ទុះគ្រាប់បែក​ហើយ​ប៉ុណ្ណោះ៕