(គូឡាឡាំពួ)៖ អតីត​ឧបនាយករដ្ឋមន្ត្រី និងមេបក្ស​ប្រឆាំង​ម៉ាឡេស៊ី ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ពន្លឺថ្មីមួយ​កំពុងរះឡើង​សម្រាប់ប្រជាជន​ម៉ាឡេស៊ី​ ដែលបានបោះឆ្នោត​គំាទ្រ​គណបក្ស ផាលាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH និងការផ្លាស់ប្ដូរ​នៅម៉ាឡេស៊ី។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

លោក Anwar ធ្វើការកត់​សម្គាល់បែបនេះ បន្ទាប់ពីលោក​ត្រូវបាន​ព្រះមហាក្សត្រ ស៊ូលតង់ មូហាំម៉ាដទី ៥ (Sultan Muhammad V) លើកលែង​ទោសនៅ
ថ្ងៃពុធនេះ។ ថ្លែងនៅចំពោះ​មុខអ្នកសារព័ត៌មាន​នៅខាងក្រៅផ្ទះ​របស់លោក ក្រោយចូល​គាល់ព្រះ​មហាក្សត្រ លោក Anwar បាន​សម្ដែងការដឹង​គុណដល់អ្នកឡាយ​ ដែលបានតស៊ូដើម្បី​សេរីភាព​របស់​លោក។

«យើងបានស្នើសុំការ​លើកលែងទោស មិនមែន​បិទបាំង​កំហុសរបស់យើង​នោះទេ ប៉ុន្តែដោយ​សារតែវាគឺជាការ​រំលោភអំណាច...។ ខ្ញុំត្រូវបាន​លាង​ជម្រះពីរាល់​ការចោទប្រកាន់​ទាំងអស់ ហើយដែលនេះ​គឺជាពន្លឺថ្មីមួយ​សម្រាប់ប្រជាជន​ម៉ាឡេស៊ី ដែលបានបោះឆ្នោត​គាំទ្រ​រដ្ឋាភិបាលថ្មី ​នៃគណបក្ស Pakatan Harapan (PH)»។ នេះជាការ​លើក​ឡើងរបស់​​លោក Anwar Ibrahim នៅក្នុងសន្និសីទ​សារព័ត៌មានជាលើក​ដំបូងជា​មួយភរិយា លោកស្រី វ៉ាន អាហ្ស៊ីហ្សាហ៍ វ៉ាន អ៊ីស្មែល (Wan Azizah Wan Ismail) ដែលទើបតែ​ក្លាយជា​ឧបនាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ថា នៅពេលត្រូវបាន​គេសាកសួរថា តើនៅពេល​ណា​ទើបលោក​ទទួលអំណាច​ពីលោក មហាធា មហាម៉េដ ក្នុងនាមជា​នាយករដ្ឋ​មន្ត្រី លោក Anwar បាន​អះអាងថា លោក និងភរិយា​លោកស្រី Wan Azizah ចង់បានការគាំទ្រ​ចាំបាច់នានា​ដើម្បីធានាថា របៀបវារៈសម្រាប់ការធ្វើ​កំណែទម្រង់​ នឹងប្រព្រឹត្តទៅ​ប្រកប​ដោយ​ប្រសិទ្ធិភាព៕