(ប៉េកាំង)៖ កន្រ្តកវិលធំ​ជាងគេបង្អស់​លើលោក ត្រូវបានដាក់​ឲ្យដំណើរការ​ជាផ្លូវការហើយ នៅខេត្តសានទុង (Shandong) ភាគខាងកើត​ប្រទេសចិន​​នៅថ្ងៃពុធនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

កន្រ្តកវិលខាង​លើនេះ ដែលមានមុខ​កាត់ប្រវែង ១២៥ម៉ែត្រ និងកម្ពស់ ១៤៥ម៉ែត្រ ស្ថិតនៅ​ក្នុងទីក្រុង វៃហ្វេង (Weifang) ហើយមានកន្រ្តក​យោង​សរុបចំនួន ​៣៦ ដែលផ្ទុកមនុស្ស​ច្រើនបំផុតបាន ១០នាក់ក្នុងមួយកន្រ្តកៗ។ ដើម្បីវិល​បានមួយជុំ កន្ត្រកយក្ស​នេះ ត្រូវចំណាយពេល​ប្រហែល ៣០នាទី។

គួរជម្រាបថា ការសាងសង់​កន្រ្តកវិលនេះ ត្រូវបានចំណាយ​ពេល ០៣ឆ្នាំ និងដែក​ទម្ងន់ជាង ៥,០០០តោន ហើយត្រូវគម្រោ​ងនេះត្រូវបាន​បញ្ចប់ជាស្ថាពរ​តាំងតែពីចុងឆ្នាំ២០១៧​មកម្ល៉េះ ប៉ុន្តែត្រូវបាន​គេចំណាយពេល​ជាច្រើនខែក្នុង​ការធ្វើតេស្ត ដើម្បីធានា​ពីសុវត្ថិភាព​របស់វា៕