(តូក្យូ)៖ អ្នកដណើរ​ត្រូវបានជម្លៀសចេញ​ពីយន្តហោះ​ធុន Boeing 767 មួយគ្រឿង​របស់​អាកាសចរណ៍ All Nippon Airways (ANA) នាព្រឹក​​ថ្ងៃ​ចន្ទនេះ នៅមុន​ការចាប់​ផ្តើមហោះធ្វើ​ដំណើររបស់វា ចេញពីព្រលាន​យន្តហោះ ណារីតា (Narita) នៃខេត្ត ជីបា (Chiba) ​ប្រទេសជប៉ុន ឆ្ពោះទៅកាន់​ទីក្រុងហុង​កុង​ប្រទេសចិនក្រោយពីកើតមានផ្សែង​ នៅពាសពេញជាន់កន្លែងអ្នកដំណើរ​អង្គុយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

ក្រោយពីទ្វារ​យន្តហោះបានបិទជិត​​រួចទៅ​ហើយ អ្នកដំណើរ​​ចំនួន ១៣៧នាក់ ដែលបាន​ឡើងជិះលើជើង​ហោះហើរ​លេខ ៨០៩ មាន​គោល​ដៅឆ្ពោះទៅ​កាន់ទីក្រុង​ហុងកុង ត្រូវបានជម្លៀស​ខ្លួនត្រឡប់​ទៅកន្លែងរង់ចាំ​ ក្នុងព្រលាន​យន្តហោះ​វិញ។ បើតាម​អាជ្ញាធរ​ជប៉ុន មនុស្ស​យ៉ាង​តិច ០៤នាក់ ក្នុងចំណោម​អ្នកដំណើរ​ដែលត្រូវបាន​ជម្លៀសខ្លួន បានឲ្យដឹង​ថា ពួកគេមានអារម្មណ៍​មិនសូវស្រួល ក្រោយ​ពីឈ្លក់ផ្សែង ប៉ុន្តែពុំ​​មាន​ករណី​ធ្ងន់ធ្ងរដល់ថ្នាក់​ត្រូវបញ្ជូនទៅ​កាន់មន្ទីរពេទ្យ​ឡើយ។

គួរជម្រាបថា យោងតាម​ការស៊ើបអង្កេត​ជាបឋមរបស់​អាជ្ញាធរជប៉ុន ពួកគេបាន​រកឃើញមាន​បញ្ហាហៀរប្រេង​នៅ​​លើ​ម៉ាស៊ីន នៅផ្នែក​ខាងក្រោយ​របស់​យន្តហោះ ហើយមានផ្សែង​រសាត់នៅពេញកន្លែងអ្នកដំណើរ​អង្គុយ ប៉ុន្តែពុំមានសញ្ញា​បង្ហាញពីការឆេះ​អ្វីមួយឡើយ។ ជាមួយ​គ្នានេះ អ្នកតំណាង​​​របស់ ANA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍​​ដ៏ធំបំផុតប្រចាំ​ប្រទេសជប៉ុន​មួយនេះ ក៏កំពុងស៊ើប​អង្កេតរក​មូល​ហេតុ​ នៅពីក្រោយហេតុការណ៍​នេះ​ផងដែរ៕