​(គូឡាឡាំពួរ)៖ រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅថ្ងៃចន្ទនេះ បានបង្កើត​អង្គភាព​ពិសេសមួយ​ ដើម្បីទទួលបន្ទុក​បើកការស៊ើបអង្កេត​លើការចោទ ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​​ពុករលួយ​ នៃមូលនិធិរដ្ឋ1Malaysia Development Bhd (1MDB) ដែលបបង្កើត​ឡើងដោយអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

អង្គភាព​ពិសេសនេះ ក៏មានសិទ្ធិ​រឹបអូសទ្រព្យ​សម្បត្តិ ព្រមទាំង​ធ្វើការសម្រប​សម្រួល​ ក្នុងការស៊ើប​អង្កេតតាមដាន​ហិរញ្ញវត្ថុ​ដែល ពាក់ព័ន្ធនឹង​អំពើពុករលួយ​ក្នុង​មូលនិធិ 1MDB និងក្រៅ​ប្រទេស​ផងដែរ​ ឱ្យតែមានទាក់ទិន​នឹងមូលនិធិ​នេះ។ «រដ្ឋាភិបាល​ម៉ាឡេស៊ី សង្ឃឹមថា អង្គភាពពិសេស​ដែលមានការចូល​ពីទីភ្នាក់ងារ​ជាច្រើន នឹងអាចជួស​ជុលឡើងវិញ​នូវកិត្តិយស​ប្រជាជាតិ ដែល​ត្រូវបាន​បំផ្លាញ ក៏ដូចជាយកប្រាក់ និងទ្រព្យសម្បត្តិ​នៃមូលនិធិ 1MDB ត្រឡប់មកដាក់​ជាសម្បត្តិរដ្ឋវិញ»។ នេះបើតាម​សេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាល​ម៉ាឡេស៊ី៕