(សេអ៊ូល)៖ យោធា​​កូរ៉េខាងត្បូង​ប្រកាសថា ខ្លួននឹងនៅតែបន្ត​ការធ្វើសមយុទ្ធ​ប្រចាំឆ្នាំ​ ជាមួយនិងសហរដ្ឋអាមេរិក​ដដែល នៅ​ឆ្នាំ២០១៨ ដោយគ្មាន​ការផ្លាស់ប្តូរ​​ឡើយ។ នេះបើតាម​ការប្រកាសពី​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​ផ្ទាល់ ដកស្រង់​​​ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មាន​​ចិន ស៊ីនហួរ នៅ​ល្ងាច​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក ឆយ យ៉ុនសូ (Choi Hyun-soo) បានប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា ​ពុំមានការប្រែប្រួល​​នោះឡើយ​នៅ​ក្នុងគោល​ជំហរ​ដែលថា សមយុទ្ធយោធា​រួមរវាង​កូរ៉េខាងជើង នឹង​សហរដ្ឋអាមេរិក នឹងនៅតែបន្ត​ប្រព្រឹត្តទៅ​ដូចធម្មតា។ ​ការធ្វើអត្ថា​ធិប្បាយ​​បែបនេះ ពីក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​នៅក្នុងប្រទេស​អាស៊ីខាងកើត​មួយនេះ បានលើក​​ឡើងពី​លទ្ធ​ភាព នៃការ​ពង្រួមទំហំ​នៃការធ្វើសមយុទ្ធយោធា​​ប្រឆាំង Ulchi Freedom Guardian របស់កូរ៉េខាងត្បូង និងអាមេរិក ដែល​ត្រូវបាន​​គ្រោងនឹងប្រព្រឹត្ត​ទៅនា​ថ្ងៃសីហា។

គួរជម្រាបថា កាលពី​សប្តាហ៍មុន កូរ៉េខាងជើង​បានសម្រេច​លុបចោលកិច្ចពិភាក្សា​កម្រិតខ្ពស់​ជាកូរ៉េខាងត្បូង ដោយសារ​តែបញ្ហា​នៃការធ្វើ​សមយុទ្ធ​ផ្លូវអាកាស​មានឈ្មោះថា Max Thunder រវាងទីក្រុង​សេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ សមយុទ្ធយោធា ដែលកំពុង​បន្តប្រព្រឹត្តទៅ​និងមិនទាន់ចប់​នៅឡើយនោះ ត្រូវបានគេ​រាយការណ៍ថា មានការចូលរួម​ពីយន្តហោះយោធា និងចម្បាំង​ប្រហែល ១០០គ្រឿង ក្នុងនោះ​រួមមាន​ទាំង​យន្តហោះ​ចម្បាំងធុន F-22 ចំនួន ០៨គ្រឿង ដែលមាន​សមត្ថភាពគេច​ពីប្រព័ន្ធរ៉ាដា និងអាចធ្វើការវាយប្រហារ​តាមផ្លូវអាកាស ​ជាលក្ខណៈ​សម្ងាត់​​៕ ​