(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភ្នំភ្លើង​គីឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ​​ បានបង្កើតហា​និភ័យ​ក្នុងទម្រង់ថ្មីមួយ​ទៀត​សម្រាប់ប្រជាជន​អាមេរិក ដែលរស់នៅលើ​ដែនដីកោះ​ដ៏ធំ​នេះ ខណៈដែល​កម្អែរភ្នំភ្លើង ដែលបានហូរ​ចូល​ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិកហើយនោះ អាចបង្ក​ជាដុំពពក​ ភាគល្អិត ក៏ដូចជា​​ចំហាយ​ទឹក​ ដែល​មាន​សារធាតុពុល៕

២៖ ក្រុមមន្ត្រីសុខាភិបាល​ឥណ្ឌាក្នុងរដ្ឋ ឃែរ៉ាឡា (Kerala) ស្ថិតនៅភាគ​ខាងត្បូងនៃប្រទេស​បានឱ្យដឹងថា មនុស្ស ០៩នាក់ បានស្លាប់ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងវីរុស​ដ៏សាហាវមួយឈ្មោះនីផាហ៍ (Nipah)៕

៣៖អ្នកដណើរ​ត្រូវបានជម្លៀសចេញ​ពីយន្តហោះ​ធុន Boeing 767 មួយគ្រឿង​របស់​អាកាសចរណ៍ All Nippon Airways (ANA) នាព្រឹក​​ថ្ងៃ​ចន្ទនេះ នៅមុន​ការចាប់​ផ្តើមហោះធ្វើ​ដំណើររបស់វា ចេញពីព្រលាន​យន្តហោះ ណារីតា (Narita) នៃខេត្ត ជីបា (Chiba) ​ប្រទេសជប៉ុន ឆ្ពោះទៅកាន់​ទីក្រុងហុង​កុង​ប្រទេសចិនក្រោយពីកើតមានផ្សែង​ នៅពាសពេញជាន់កន្លែងអ្នកដំណើរ​អង្គុយ៕

៤៖ ​មកទល់​ពេលនេះ​សាកសព​ចំនួន ២០នាក់​ហើយ ក្នុង​​ចំណោមជនរងគ្រោះសរុប​ទាំង ១១០នាក់ ដែលបាន​បាត់បង់ជីវិត​នៅក្នុង​​គ្រោះ​ថ្នាក់​ធ្លាក់យន្តហោះ​ដ៏រន្ធត់​ នៅឯប្រទេសគុយបា​កាលពី​ថ្ងៃសុក្រ​កន្លងទៅ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ និងប្រគល់​ទៅឲ្យ​ក្រុម​គ្រួសារ​​របស់​ពួកគេ ដើម្បី​រៀបចំធ្វើបុណ្យ​​តាម​ប្រពៃណី៕

៥៖ ប្រទេសចិន​នាថ្ងៃចន្ទ​នេះ​បាន​ចាប់​ផ្តើមបាញ់​បង្ហោះ​ ផ្កាយរណប​បញ្ជូនសញ្ញា​មួយ​គ្រឿង ដើម្បីរៀបចំ​បង្កើត​​​ប្រព័ន្ធ​ទំនាក់ទំនង​​​រវាង​ផែនដី និងយាន​អវកាស ឆាងអឺ ៤ (Chang'e-4) ដែលត្រូវបាន​គេគ្រោង​នឹង​បញ្ជូនទៅ​កាន់ឋាន​ព្រះច័ន្ទ ដើម្បីធ្វើការ​សិក្សាស្រាវ​ជ្រាវ​តំបន់​​ចំហៀង​ម្ខាង​ទៀតរបស់​ព្រះច័ន្ទ ដែលមិនបែរ​មករកភព​របស់យើង​ឡើយ៕

៦៖ ក្រសួង​ការបរទេស​ហ្វីលីពីន​នៅ​ថ្ងៃចន្ទនេះ​​បានឱ្យដឹងថា ទីក្រុងម៉ានីល កំពុងចាត់​វិធានការសកម្មភាព​តាមផ្លូវទូត ដើម្បីការពារ​ការអះអាង​របស់ខ្លួន​លើសមុទ្រ​ចិនខាងត្បូង បន្ទាប់ពី​យន្តហោះ​ទម្លាក់គ្រាប់បែក​ចិន​បានចុះចត​នៅឯកោះ និងតំបន់​ថ្មប៉ប្រះ ទឹកនៅក្នុង​តំបន់​ជម្លោះ៕