(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែល​ទើបតែឡើង​កាន់តំណែង​មិនបានប៉ុន្មាន​ផងនោះ បានចេញមុខ​គម្រាមចំពោះ​ប្រទេសអ៊ីរ៉ង់ថា អាមេរិក​នឹងដាក់​ទណ្ឌកម្មឲ្យ​កាន់ធ្ងន់ធ្ងរលើ​ប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេស​អ៊ីស្លាមមួយនេះ មិនព្រមផ្លាស់​ប្តូរអ្វីដែលខ្លួនកំពុងប្រព្រឹត្ត​ទេ​នោះ។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់​ងារព័ត៌មាន​ចិន ស៊ីនហួរ នាយប់​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ បានលើកឡើង​ពីចេតនារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរដោយ​ចង់ឲ្យកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជា​សមិទ្ធិផល​របស់អតីត​រដ្ឋបាល លោក បារ៉ាក់ អូបាម៉ា នោះក្លាយទៅ​សន្ធិសញ្ញាវិញ ដោយតម្រូវ​ឲ្យសភា​​អាមេរិក ធ្វើការពិនិត្យ និងអនុម័តទើបអាចយកជាការបាន។ ក្នុងន័យនេះ​​រដ្ឋបាល​អាមេរិក របស់លោក ដូណាល់ ត្រាំ ធ្លាប់បាន​លើក​ឡើង​ហើយថា ខ្លួននឹងសើ​រើ​រាល់​កិច្ចព្រមព្រៀង​​ទាំងអស់ជា​មួយបរទេស ដែលបាននាំ​ឲ្យខាតបង់ប្រយោជន៍​អាមេរិក។

ក្រៅពីការ​អះអាង​​ខាងលើនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បានទាមទារឲ្យអ៊ីរ៉ង់​ដោះលែង​ជនជាតិ​អាមេរិក​ទាំងអស់,​ឈប់គាំទ្រពួកឧទ្ទាមហួទី​នៅយ៉េមែន, ដកទ័ពចេញ​ពីទឹកដីស៊ីរី​ទាំងអស់ និងឈប់គំរាម​កំហែង​ប្រទេសអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់​របស់​សហរដ្ឋអាមេរិក៕