(ម៉ូស្គូ)៖ បុគ្គលិទូតអាមេរិក​ម្នាក់ ប្រចាំស្ថាន​កុងស៊ុល​ក្នុងទីក្រុង ក្វាងចូវ (Guangzhou) និងគ្រួសាររបស់​លោក ត្រូវបានជម្លៀស​ចេញពី​ប្រទេស​ចិន ដោយសា​តែមាន​បញ្ហាប្រព័ន្ធប្រសាទ​ ក្រោយទទួលរងការវាយប្រហារ​ដោយ​សំឡេង​ដ៏អាថ៌​កំបាំង។ នេះ​បើតាមកាសែត New York Times ដកស្រង់​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។

យោង​តាម New York Times បុគ្គលិកទូតអាមេរិក​ខាងលើ និងគ្រួសារ ត្រូវបានត្រួត​ពិនិត្យក្រុមគ្រូពេទ្យ​ ដែលត្រូវបាន​បញ្ជូនមកកាន់ ប្រទេសចិន​ជាពិសេស។ កាសែតអាមេរិក​មួយនេះ​បន្ថែមថា បុគ្គលិករូបនេះ​ដែលបានចាកចេញ​ពីចិន​ ទៅសហរដ្ឋអាមេរិក​មានឈ្មោះ​ថា​ ម៉ាក់ ឡេនហ្ស៊ី (Mark A. Lenzi) ជាវិស្វករផ្នែក​សន្តិសុខម្នាក់​ប្រចាំស្ថាន​កុងស៊ុល ទីក្រុង Guangzhou។

លើសពីនេះ​ទៅទៀត លោក Lenzi និងភរិយា​របស់លោក ក៏ត្រូវបានគេ​រាយការណ៍​ដែរថា បានត្អូញត្អែរពី​ការរំខានដោយសំឡេង​ដ៏អាថ៌កំបាំង​មួយ នៅក្នុងអគារ​ស្នាក់នៅ ខណៈកូនប្រុស​ទាំងពីររបស់លោក​បានចាកចេញត្រឡប់​ទៅ​សហរដ្ឋអាមេរិក កាលពី​ល្ងា​ចថ្ងៃពុធ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​អាមេរិក​អការៈជំងឺ​របស់លោក Lenzi គឺមានលក្ខណៈ​ស្រដៀងគ្នាទៅនឹង​ជំងឺរបស់បុគ្គលិក​ទូតអាមេរិក ប្រចាំប្រទេស​គុយបា ដែលធ្លាប់ត្រូវ​បានគេរាយការណ៍ថា​ មានបញ្ហា​ប្រព័ន្ធប្រសាទ​ធ្ងន់ធ្ងរ ដោយសារ​ការវាយប្រហារ​ដោយ​សំឡេង៕