(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋ​មន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងត្រូវជួបគ្នា​នៅវិមាន​ពងក្រពើ នៃសេតវិមានអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅ​អាមេរិក ត្រូវនឹងព្រឹកថ្ងៃសុក្រ​ ពេលវេលានៅ​អាស៊ីខាងកើត) ខណៈទីក្រុង​តូក្យូ កំពុងព្រួយបារម្ភខ្លាចក្រែងសហរដ្ឋអាមេរិកបន្ធូរ បន្ថយការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik​​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ នៅក្នុងជំនួបជា​មួយលោក ត្រាំ លោក អាបេ នឹងផ្ដោតលើ​សារៈសំខាន់​ នៃការបន្តរក្សា​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចប្រឆាំងនឹង​កូរ៉េខាងជើង រហូតដល់​ទីក្រុង​ព្យុងយ៉ាង បោះបង់ចោល​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង។ ប៉ុន្តែ​កាលពី​សប្ដាហ៍មុន លោក ត្រាំ ផ្ទាល់បាន​និយាយថា លោកមិនចង់​និយាយពីការ​ដាក់សម្ពាធ​អតិបរមា លើទីក្រុងព្យុងយ៉ាង​ទៀតនោះ ទេ ហើយថាការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច អាចនឹងត្រូវលើក​លែង បើកិច្ចប្រជុំជា​មួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី​នៅថ្ងៃទី១២ ខែមិថុនា នេះដំណើរការ​ទៅដោយ​រលូន។

ដោយឡែក ជុំវិញកិច្ចខិត​ខំប្រឹងប្រែងរបស់លោក​ អាបេ នេះដែរ ត្រូវបាន​ក្រុម​អ្នក​ជំនាញចិន​ជឿជាក់ថា ទំនងជា​នឹងមិនអាច​លុបបំបាត់ ការយល់ច្រឡំ​លើកូរ៉េខាងជើង​បាននោះទេ ខណៈទីក្រុង​តូក្យូនៅតែព្រួយ​បារម្ភ​ ខ្លាចក្រែង​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​មានទំនាក់​ទំនងល្អជាមួយ​កូរ៉េខាងជើង ដែលនេះនឹង​ទុកឱ្យជប៉ុន​ត្រូវប្រឈមមុខ​ជាមួយចិនតែ​ម្នាក់ឯង៕