(ប៉េកាំង)៖ រដ្ឋបាល​ចិន បានបិទចោល​​ទាំងស្រុង​ហើយ​នូវការស្វែងរក​នៅលើអ៊ីធើណិតសម្រាប់ពាក្យ ឬអត្ថបទ​ទាំងឡាយណាដែល​មានការប្រមាថ​ដោយចំពោះ ដល់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយការធ្វើ​បែបនេះ​ជាការឆ្លើយតប ទៅនឹង​ទំនាក់ទំនងល្អ​រវាងប្រទេសទាំង​ពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។

ការសម្រេចចិត្ត​បែបនេះរបស់​ទីក្រុងប៉េកាំង ធ្វើឡើងក្នុង​គោលបំណង​ទប់ស្កាត់ការ​ប្រមាថ ឬការបញ្ចេញមតិ​ដែលបង្ករូបភាព​អវិជ្ជមាន ដល់លោក គីម ខណៈចិនកំពុង​ស្ដារឡើងវិញ​ នូវទំនាក់ទំនង​មិនអាចខ្វះបានជាមួយ​ទីក្រុងព្យុងយ៉ាង បន្ទាប់ពីមេដឹកនាំ​នៃប្រទេសទាំង ពីរបានជួបគ្នា​ចំនួនពីរលើក​នាពេលថ្មី​នេះ។

គួរជម្រាបថា បើតាម​យ៉ុនហាប់ ពាក្យថា «Jin San Pang» ឬ «កន្ធាត់ គីម ជំនាន់ទី៣» ជាឈ្មោះហៅក្រៅ​ ដែលគេច្រើន​និយាយជា ការលេងសើច​លើលក្ខណៈសម្បត្តិ​របស់លោក គីម ជុងអ៊ុន នៅក្នុង​ប្រទេសចិន ត្រូវបានបិទចោល​ទាំងស្រុងនៅគេហទំព័រ​ចិនធំៗដូច ប៉ៃទូ (Baidu) និងបណ្ដាញទំនាក់ទំនងសង្គម វ៉ៃបូ (Weibo) ផងដែរ៕