(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកដែលត្រូវបានគេដឹងថា ជាប្រទេសមហាអំណាចលើលោកទាំងសព្វាវុធ និងសេដ្ឋកិច្ច តែគ្មានសមត្ថភាពចូលប្រកួតបាល់ទាត់ពិភពលោកក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី ដែលនឹងឈានមកដល់នាសប្តាហ៍ក្រោយនេះ។

នេះជាលើកទី១០ ក្នុងចំណោម World Cup ត្រូវបានរៀបចំឡើងបាន ២១សម័យកាលសម្រាប់ប្រទេសមហាយក្សខាងសេដ្ឋកិច្ច និងសព្វាវុធដែលមិនបានទៅលេង World Cup ក្នុងនាមជាក្រុមមិនធ្លាប់ឈ្នះ និងរងជើងឯកពានលំដាប់ពិភពលោកមានរយៈពេល ៤ឆ្នាំម្តងនេះ ដែលនេះក៏ជាលើកទី១ ផងដែរក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីឆ្នាំ១៩៨៦មក ដែលអាមេរិកមិនមានលេងនៅ World Cup។

១០ប្រកួតរបស់អាមេរិក ក្នុងចំណោម៦ប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងជើង គឺអាមេរិករកបានតែ ១២ពិន្ទុប៉ុណ្ណោះ ឈរនៅចំណាត់ថ្នាក់លេខ៥ ក្រៅពីតំបន់ឈ្នះកៅអីទៅ World Cup 2018 និងកៅអីវគ្គជម្រុះ ដោយហាលអាវជាមួយគូប្រជែងទ្រីនីដេត ដែលឈរនៅលេខ៦ បាតតារាងមាន៦ពិន្ទុនោះ។

សូមបញ្ជាក់ថា ក្រុមដែលលេងតំណាងឲ្យទ្វីបអាមេរិកខាងជើង (CONCACAF) ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ីសប្តាហ៍ក្រោយនេះរួមមាន ម៉ិចស៊ិក កូស្តារីកា និងប៉ាណាម៉ា៕