(គូឡាឡាំពួ)៖ គណកម្មការ​ប្រឆាំងអំពើពុក​រលួយ​ម៉ាឡេស៊ី (MACC) នៅ​ថ្ងៃព្រហស្បតិ៍នេះ​បានឱ្យដឹងថា ខ្លួនកំពុងតាម​ស្វែងរក​បុគ្គលពីររូប​ឱ្យចូលខ្លួនមក​បំភ្លឺ​ ក្នុងការស៊ើបអង្កេត​ពាក់ព័ន្ធនឹង​ក្រុមហ៊ុន SRC International ជាអតីតអង្គភាព​របស់​មូលនិធិរដ្ឋ 1MDB ហើយក្នុងចំណោម​បុគ្គលទំាងពីរនេះ រួមមាន​ឈ្មោះ ឡូវ តែកចូ (Low Taek Joh) ឬគេស្គាល់ថា Joh Low ដែលជាអ្នកជំនាញ​ហិរញ្ញវត្ថុជាន់ខ្ពស់​ម្នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន MACC ក៏បានស្នើឱ្យបុរស​ម្នាក់ឈ្មោះ Nik Faisal Ariff Kamil Nik Othman Arif Kamil អាយុ ៤៧ឆ្នាំ ជានាយក SRC International ផ្ដល់ការសហការ​ជាមួយក្រុមអ្នក​ស៊ើបអង្កេត​ផងដែរ។ មិនតែប៉ុណ្ណោះ គណកម្មការ​មួយនេះ បានបញ្ចេញ​ប័ណ្ណសម្គាល់ខ្លួន រួមទាំងអាស័យដ្ឋាន​របស់បុគ្គលទាំង​ពីររូបនេះ ហើយថែមទាំង​ស្នើឱ្យអ្នកដឹង​ពីកន្លែង​ស្នាក់នៅ របស់ពួកគេ​ត្រូវរាយការណ៍​ឱ្យអាជ្ញាធរ​ទៀតផង។

Joh Low ត្រូវបានគេ​រាយការណ៍ថា មានជាប់ពាក់ព័ន្ធ​នឹងកិច្ចសន្យា​ជាច្រើននៃ 1MDB បើទោះជារូបគេ​មិនមានតួនាទី​ផ្លូវការ នៅក្នុង​មូលនិធិរដ្ឋមួយនេះ​ក៏ដោយ ហើយមកទល់​បច្ចុប្បន្នគេ​ក៏មិនទាន់ដឹងថា បុគ្គលនេះ​កំពុងរស់នៅ​កន្លែង​ណាដែរ។

គួរជម្រាបថា ក្រោយទទួល​បានជ័យជម្នះក្នុង​ការបោះឆ្នោតកាលពី​ខែឧសភា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី លោក Mahathir Mohamad បានបង្កើត​គណកម្មការស៊ើបអង្កេត​លើមូល​និធិរដ្ឋ 1MDB បង្កើតឡើងដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់​ ដែលកំពុងស្ថិត​ក្រោមការស៊ើបអង្កេត​ពុករលួយ​ប្រាក់ជាង ១០លានដុល្លារ។ ប៉ុន្តែលោក ណាជីប បានច្រានចោល​រាល់ការ​ចោទប្រកាន់ ហើយថា លោកមិនបានប្រព្រឹត្ត​កំហុសអ្វី​ទាំងអស់៕